(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញជូនដំណឹងសម្រេចអនុញ្ញាតឲ្យចេញ-ចូល បម្រើការងារវិញ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធដារ ដែលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ហើយដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើតេស្តរកវីរុសកូវីដ១៩ លើកទី៣រួចរាល់ ដែលមានលទ្ធផលអវិជ្ជមានកូវីដ១៩។
ការអនុញ្ញាតឲ្យចូលបម្រើការងារវិញនេះ ចាប់ផ្តើមពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះតទៅ។
ការចូលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួង ត្រូវបានលើកលែងចំពោះបុគ្គល ដែលត្រូវបន្តតាមដានត្រួតពិនិត្យសុខភាព ដោយក្រសួងសុខាភិបាល និងត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានម៉ត់ចត់បំផុត។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានណែនាំឲ្យមានការគោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល៕