(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលរាល់កិច្ចសន្យាវិនិយោគរបស់លោកស្រី រត្ន សុភាព ដែលធ្លាប់ទទួលបានសិទ្ធិវិនិយោគទារភាស៊ីនៅតាមផ្សារនានា ព្រមទាំងបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ចាត់វិធានការតឹងរឹងប្តឹងតុលាការទាមទារបំណុលពីលោកស្រី រត្ន សុភាព ដែលនៅជំពាក់ថែមទៀតផង។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើជូនលោក ប៉ា សុជាតិវង្ស កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ នេះ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យសាលារាជធានីភ្នំពេញស្វែងរកអ្នកម៉ៅការថ្មី ដោយអនុវត្តតាមនីតិវិធីហិរញ្ញវត្ថុ ដែលមានជាធរមាន។
សូមបញ្ជាក់ថា លោកស្រី រ័ត្ន សុភាព គឺជាក្រុមហ៊ុនមួយ ដែលធ្លាប់បានទទួលសិទ្ធិវិនិទារភាស៊ីស្ទើរគ្រប់ទីកន្លែងនៅទូទាំងរាជធានីភ្នំពេញ កាលពីលោក កែប ជុតិមា នៅជាអភិបាលរាជធានី។ បន្ទាប់ពីមានការប្រតិកម្មខ្លាំងពីប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នៅអំឡុងឆ្នាំ២០១០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្អាកសកម្មភាពរបស់ក្រុមហ៊ុន រត្ន សុភាព មិនឲ្យដើរទារភាស៊ីតាមទីសាធារណៈ ក្នុងរាជធានីភ្នំពេញទៀតនោះឡើយ ដោយទុកឲ្យនៅយកភាស៊ី តាមផ្សារ និងតំបន់មួយចំនួនប៉ុណ្ណោះ៕