(ភ្នំពេញ)៖ លោក សាំង សុង តំណាងក្រុមសម្ព័ន្ធយុវជនអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា បានអះអាងថា គម្រោងបាតុកម្មប្រឆំាង គណបក្សសង្គ្រោះជាតិ នៅកម្ពុជា អាចប្រែប្រួល ប្រសិនជាការធ្វើបាតុកម្មប្រឆំាងនឹងសម្តេចតេជោ ហ៊ុន សែន នៅសហរដ្ឋអាមេរិក គ្រាន់តែជាសម្តែងមតិតិចតួច មិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរ។
ការលើកទ្បើងរបស់លោក សាំង សុង បែបនេះ បានធ្វើឡើងបន្ទាប់ពីដំណឹងនៃការធ្វើបាតុកម្ម នៅសហរដ្ឋអាមេរិក ដើម្បីប្រឆំាងនឹងសម្តេចតេជោ ហ៊ុន សែន មានអ្នកចូលរួមតិចតួចប៉ុណ្ណោះ ហើយក្រៅពីនោះក៏មានការសម្តែងមតិប្រឆំាងនឹងមេដឹកនំាមួយចំនួនទៀត នៅអាស៊ានដែរ ។
ថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក សាំង សុង បានឲ្យដឹងថា ក្រុមការងាររបស់លោកកំពុងឃ្លាំមើល សកម្មភាពបាតុករនៅសហរដ្ឋអាមេរិកយ៉ាងយកចិត្តទុកដាក់ ហើយថាប្រសិនជាបាតុកម្មនោះ ជាការសម្តែងមតិតិចតួច ឬមានការចូលរួមចម្រុះ ដោយបាតុករ ប្រឆំាងមេដឹកនំាប្រទេសដទៃនោះ ការធ្វើបាតុកម្មនៅកម្ពុជា និងមិនអាចកើតទ្បើងទេ។
លោកនិយាយថា «ខ្ញុំនឹងធ្វើការតាមដានតទៅទៀត បើសិនជាពួកគេពិតជាបានធ្វើ ហើយធ្វើយ៉ាងកក្រើកគគ្រឹកគគ្រេង អាហ្នឹងពួកយើងខ្ញុំនឹងកោះប្រជុំ ចាត់ចែងការឆ្លើយតប ហើយបើសិនជាការធ្វើបាតុកម្មនោះមានអ្នកចូលរួម ២០-៣០នាក់ បូករួមជាមួយមានជនជាតិវៀតណាម ជនជាតិថៃធ្វើជាមួយគ្នា អាហ្នឹងគ្រាន់តែជាសម្លេងដ៏តូចបំផុត មិនអាចមានទម្ងន់អ្វី យើងខ្ញុំមិនត្រូវឆ្លើយតបទេ»។
សូមជំរាបថា នាថ្មីៗនេះក្រុមសម្ព័ន្ធយុវជនគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ពួកគេនឹងធ្វើបាតុកម្ម ប្រឆាំងគណបក្សសង្រ្គោះជាតិ ហើយទាមទារឱ្យរដ្ឋសភារំលាយបក្សនេះ ចោលតែម្តង ក្នុងករណីមានបាតុកម្មប្រឆាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំឡុងកិច្ចប្រជុំ អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈនេះ។
ទោះបីជាមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានព្រមានកូនចៅនៅសហរដ្ឋអាមេរិក និងគណបក្សប្រឆាំងបានប្រកាសថា មិនឱ្យពាក់ព័ន្ធ ក្នុងការធ្វើ បាតុកម្មប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាយ៉ាងណាក្តី ប៉ុន្តែត្រូវបានលោក ហ៊ុន ម៉ានិត កូនប្រុសសម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការធ្វើបាតុកម្មនេះត្រូវបានរៀបចំផែនការរួចជាស្រេច ដោយមន្រ្តីជាន់ខ្ពស់ក្នុងគណបក្សសង្រ្គោះជាតិ ហើយការព្រមានរបស់ លោក សម រង្ស៊ី គឺគ្រាន់តែជាលេសតែប៉ុណ្ណោះ៕