(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣នាក់ថែមទៀត ដោយក្នុងនោះមានម្នាក់ជាកុមារា អាយុ១ឆ្នាំត្រូវជាកូនប្រុសរបស់អ្នកជំងឺម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ចំណែកអ្នករកឃើញវិជ្ជមាន២នាក់ផ្សេងទៀតគឺជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។

នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចំនួន ៣នាក់ផងដែរ។

អ្នកទាំង៣នាក់ដែលវិជ្ជមានកូវីដ១៩ រួមមាន៖

១៖ កុមារាជនជាតិខ្មែរ អាយុ១ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គាត់ជាកូនប្រស់របស់ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ៦៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

សូមគត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបចំនួន ១០៥នាក់ ដែលនៅក្នុងនេះ មានស្ត្រីខាងលើផងដែរ។ រីឯអ្នកដំណើរចំនួន១០៤នាក់ ដែលមានលទ្ធផលអវិជ្ជមាន ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួន និងស្ថានទូតអាមេរិកម្នាក់។

៣៖ ស្ត្រីជនជាតិជប៉ុន អាយុ៣៤ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើមានចំនួន ៦៥នាក់ ដែលក្នុងនោះមានស្ត្រីខាងលើនេះផងដែរ។ រីឯអ្នកជំងឺ៦៤នាក់ផ្សងទៀត ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញ។

ចំពោះករណីជាសះស្បើយចំនួន៣នាក់ ដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រួមមាន៖

១៖ បុរសជនជាតិខ្មែរ អាយុ៥៧ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត រាជធានីភ្នំពេញ ជាអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ ដោយទទួលបានលទ្ធផលអវិជ្ជមានចំនួន ៣ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិកគ្រួសាររបស់អ្នកបើកបរឲ្យលោកអគ្គនាយកពន្ធនាគារ។

៣៖ បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃ ដែលជាអ្នកប៉ះពាល់ជាមួយអគ្គនាយកពន្ធនាគារ។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៦២នាក់ (ស្ត្រី ៨៦នាក់ និងបុរស ២៧៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣១២នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរចំនួន ៥០នាក់៕