(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមវេទិកាអន្តរជាតិ ស្តីពីការចែករំលែក បទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលរៀបចំឡើង ដោយការិយាល័យដឹកនាំនៃក្រុមប្រឹក្សារដ្ឋចិន និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន ក្រោមប្រធានបទ «ការលើកកម្ពស់ការកាត់បន្ថយ ភាពក្រីក្រជាសកល និងការកសាងសហគមន៍អនាគតរួមគ្នាជាសកល»។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា វេទិកានេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ថ្នាក់រដ្ឋមន្ត្រីពីបណ្តាប្រទេសនានា ស្ថាប័នរបស់អង្គការ សហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ស្ថាប័នសារព័ត៌មាន និងស្ថាប័នស្រាវជ្រាវផងដែរ។
គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីកៀរគរគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាពង្រឹងនូវទំនុកចិត្តរវាងគ្នានិងគ្នា ក្នុងការកាត់បន្ថយភាពក្រីក្រជាសកល ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចឲ្យបាននូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។
គោលបំណងនៃវេទិកានេះ ក៏នឹងឆ្លើយតបផងដែរទៅនឹងស្ថានភាពបន្ទាន់ និងតម្រូវការរបស់សហគមន៍អន្តរជាតិ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគី ការពារសន្តិភាព និងស្ថិរភាពក្នុងការលុបបំបាត់ជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាពនឿនដំណើរការនៃការកាត់បន្ថយភាពក្រីក្រជាសកល។
លោក Lu Youngfu រដ្ឋមន្ត្រីនៃការិយាល័យដឹកនាំនៃក្រុមប្រឹក្សារដ្ឋចិន បានសម្តែងការចាប់អារម្មណ៍ និងស្វាគមន៍ដល់អ្នកចូលរួម និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមចែករំលែកបទពិសោធន៍ ក៏ដូចជាទស្សនៈនានាទាក់ទង នឹងការកាត់បន្ថយភាពក្រីក្រជាសកល។
វេទិកា ក៏បានពិភាក្សាទៅលើបញ្ហានានាទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រ ដោយមានការចូលរួមពីបណ្តាប្រទេសនានា ដៃគូអភិវឌ្ឍន៍សំខាន់ៗ អង្គការសហប្រជាជាតិ ក៏ដូចជាស្ថាប័នសិក្សាស្រាវជ្រាវ អំពីគោលនយោបាយ និងការអនុវត្តដើម្បីឆ្លើយតបទៅនឹងការកាត់បន្ថយភាពក្រីក្រជាសកល។
ក្នុងឱកាសនៃវេទិកានេះ លោកបណ្ឌិតសភាចារ្យ បានលើកឡើងអំពីសារៈសំខាន់នៃវេទិកាក្នុងការ ចែករំលែកអំពីបទពិសោធន៍ បញ្ហាប្រឈមនានារួមនឹងស្វែងរក ដំណោះស្រាយតាមរយៈការកសាងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយភាពក្រីក្រជាសកល ជាពិសេសក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
លោកបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា ក្លាយជាប្រទេសឈានមុខគេមួយ ក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។
លោកបណ្ឌិតសភាចារ្យ ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការចូលរួមរបស់សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ជាពិសេសវិស័យផ្លូវជនបទ ផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ក៏ដូចជាការកសាងសមត្ថភាពផងដែរ។
វេទិកាបានកំណត់នូវបញ្ហាប្រឈមនានា ដែលបានជួបប្រទះកន្លងមក និងលើកឡើងនូវគោលនយោបាយ ឆ្លើយតបសមស្របសម្រាប់ ចូលរួមកាត់បន្ថយភាពក្រីក្រ ជាសកល ក្នុងបរិបទនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការធ្វើការរួមគ្នាក្នុងគោលការណ៍ពហុភាគី ការកសាងសន្តិភាព និងស្ថិរភាព។
គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមបានសម្តែងការប្តេជ្ញាចិត្ត និងបន្តធ្វើការរួមគ្នា ដើម្បីពនឿនដំណើរការ នៃការកាត់បន្ថយភាពក្រីក្រជាសកល៕