(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។
សារលិខិតនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីប្រារព្ធខួបកំណើតគម្រប់៦៦ ឈានចូល៦៧ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងនាមខ្ញុំនិងភរិយា សូមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល មហាប្រសើរ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីបំពេញសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តម និងដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យទទួលបានជោគជ័យថ្មីៗថែមទៀត ជាពិសេសក្នុងការដឹកនាំចលនាមនុស្សធម៌នៃកាកបាទក្រហមកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា នឹងចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបានចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនប្រកបដោយឆន្ទៈមោះមុតខ្លាំងក្លា ទទួលបានលទ្ធផលយ៉ាងធំធេងជាបន្តបន្ទាប់ និងបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។»
ទន្ទឹមនេះ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់នូវកិច្ចគាំទ្រយុទ្ធនាការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារមកលើស្ត្រី និងកុមារ ទប់ស្កាត់ការធ្វើអាជីវកម្មផ្លូវភេទ ពិសេសក្នុងសកម្មភាពមនុស្សធម៌ជួយរំលែកនិងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រទេសជាតិដែលជួបនូវវិបត្តិកូវីដ-១៩ និងប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់ ក៏ដូចជាគ្រោះអាសន្នមហន្តរាយផ្សេងៗ ព្រមទាំងទុរគតជន ស្រ្តីមេម៉ាយ កូនកំព្រា។ល។
«ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្នុងនាមខ្ញុំនិងភរិយា សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារប្រោះព្រំជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧត្តមភរិយា សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រឡាញ់ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕»
ខាងក្រោមនេះ ជាសារលិខិតរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖