(ភ្នំពេញ)៖ លោក សុខ ប៊ុន អតីតមានងារជាឧកញ៉ា និងជាអតីតប្រធានក្រុមអ្នកវាយតម្លៃ អចលនទ្រព្យនៅកម្ពុជា នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ ក្នុងរយៈពេល៣ខែ ខាងមុខទៀតនេះ ។
លោក សុខ ប៊ុន ត្រូវបានតុលាការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ ទោះបីយ៉ាងណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា ប្រកាសសាលក្រមកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ សម្រេចផ្តន្ទាទោស លោក សុខ ប៊ុន ដាក់ពន្ធនាគារ៣ឆ្នាំ តែអនុវត្តក្នុងពន្ធនាគារ១០ខែ និង ពិន័យជាប្រាក់៦លានរៀល ។ គិតត្រឹមថ្ងៃឃុំខ្លួនលោក សុខ ប៊ុន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ឃើញថា លោក សុខ ប៊ុន នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ ក្នុងរយៈពេល៣ខែ ខាងមុខទៀតនេះ ។
សាលក្រមដែលគ្មានអានសំអាងហេតុ និង ប្រកាសដោយកំបាំងមុខជនជាប់ចោទ និង មេធាវី តែចាត់ទុកជាចំពោះមុខ មានតែក្រុមអ្នកអ្នកសារព័ត៌មានចូលស្តាប់ប៉ុណ្ណោះ។ ក្រោយការប្រកាសសាលក្រមភ្លាមៗ ក្រុមអ្នកសារព័ត៌មាន បានព្យាយាមសុំការបញ្ជាក់ពីលោកមេធាវី ពុធ ធាវី តែពុំអាចទាក់ទងបានទេ ព្រោះលោកពុំមានវត្តមាននៅតុលាការឡើយ ។
សូមបញ្ជាក់ថា នាពេលកន្លងមក លោក សុខ ប៊ុន បានចំណាយប្រាក់រហូតដល់១០ម៉ឺនដុល្លារ ប្រគល់ទៅឲ្យកញ្ញាសាសា ជាថ្នូរនឹងការដកពាក្យបណ្ដឹង៕