(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ ១ខ្សែ មានទំហំទទឹង ៤ម៉ែត្រ និងបណ្តោយ ៥០០ម៉ែត្រ សម្រាបប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ជាពិសេសប្រជាជនភូមិជ្វា ភូមិថ្មី ឃុំភ្នំដិន ស្រុកគីរីវង់។
ក្រោយពិធីកាត់ខ្សែបូរសម្ភោធផ្លូវរួចហើយ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានដឹកនាំក្រុមការបន្តចុះត្រួតពិនិត្យមើលអគារស្នាក់ការគណបក្សឃុំភ្នំដិន ស្រុកគិរីវង់ ដែលកំពុងសាងសង់បន្ថែមសម្រេចបានប្រហែល ៧០ភាគរយ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ការជួសជុលផ្លូវ ១ខ្សែនេះ គឺមានតួនាទីសំខាន់ណាស់ ដោយជួយសម្រួលបានមួយកម្រឹត ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសិក្សា របស់ក្មួយៗសិស្សានុសិស្សផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែលបង្កបរិយាកាស ដល់ការសហការជាមួយដៃគូនានា ដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យ ប្រទេសជាតិឱ្យការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម៕