(ប៉ៃលិន)៖ ដោយមានការសង្ស័យថាឈ្មួញម្នាក់យកគ្រឿងចក្រទៅជីកកកាយដីភ្នំមួយកន្លែង អត់មានច្បាប់ទម្លាប់ត្រឹមត្រូវ ទើបព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បញ្ជាឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំកម្លាំងរឹបអូសយករថយន្តដឹកដីចំនួន៤គ្រឿង ទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ខណៈគ្រឿងចក្រអេស្កាវ៉ាទ័ររក្សាទុកនៅក្បែរកន្លែងជីកកកាយដីភ្នំ។
ហេតុការណ៍ចុះបង្ក្រាបករណីសង្ស័យគ្រឿងចក្រសង្ស័យអត់មានច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២៖៣០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចជើងភ្នំ ក្បែរជំនោរកំពូលភ្នំ ជាដីរបស់លោក សៀវ សុផល ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់គ្រឿងចក្រ មានឈ្មោះ តាម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយត្រូវបានកងរាជអាវុធហត្ថខេត្តប៉ៃលិន ស្ថិតក្រោមការបញ្ជារបស់លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះទៅធ្វើការរឹបអូសយករថយន្តដឹកដីចំនួន ៤គ្រឿង ក្នុងនោះ រថយន្តចង្កូតស្តាំចំនួន ២គ្រឿង ដោយឡែកគ្រឿងចក្ររក្សាទុកនៅក្បែរកន្លែងដដែល ខណៈត្រូវបានគេអន្តរាគមន៍បម្រុងដោះលែងត្រឡប់ទៅវិញ។
រហូតមកដល់រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ រថយន្តទាំង៤គ្រឿង ត្រូវរក្សាទុកនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនៅឡើយទេ រីឯម្ចាស់គ្រឿងចក្រអះអាងថា ខ្លួនមានច្បាប់ហើយ ថែមទាំងមុននឹងជីកកកាយដីខាងលើ ក៏បានសុំច្បាប់ទៅគ្រប់ស្ថាប័នអស់ដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គង់ ច័ន្ទខេមរិទ្ធ បានឱ្យភ្នាក់ងារព័ត៌មាន Fresh News ដឹងថា គ្រឿងចក្រ ១គ្រឿង និងរថយន្ត ៤គ្រឿង ពុំមានច្បាប់ត្រឹមត្រូវ ខណៈពេលកំពុងធ្វើអាជីវកម្មជីកកកាយដីភ្នំដឹកលក់។
លោកបន្តទៀតថា បើទោះបីជាម្ចាស់គ្រឿងចក្រខាងលើ បានអះអាងថា មានច្បាប់ទម្លាប់ត្រឹមត្រូវក៏ដោយ តែអត់យកមកឱ្យខាងលោកពិនិត្យមើលច្បាប់នោះទេ។ ដូច្នេះខាងលោកនឹងដាក់កិច្ចការនេះ ឱ្យទៅខាងរដ្ឋបាលព្រៃឈើ ជាអ្នករៀបចំសំនុំរឿង បើសិនជាមានការសម្របសម្រួល ឬអន្តរាគមន៍ពីខាងណាមួយនៅក្នុងខេត្ត ខាងលោកនឹងរៀបចំសំនុំរឿងបញ្ជូនទៅក្រសួងបន្តទៀត។
បើតាមលោក អោម វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ថា រហូតមកដល់ពេលនេះខាងខេត្ត និងខាងព្រះរាជអាជ្ញាបានសម្របសម្រួលត្រូវរ៉ូវគ្នាអស់ហើយ ក៏ឱ្យម្ចាស់យកគ្រឿងចក្រ និងរថយន្តត្រឡប់ទៅផ្ទះវិញដែរ។
លោកបញ្ជាក់ថា ចំពោះដីភ្នំខាងលើជាជម្រកព្រៃឈើនៅឡើយទេ មិនទាន់មានការប្រគល់ឱ្យធ្វើអាជីវកម្មនៅឡើយដែរ លុះត្រាតែមានសេចក្តីសម្រេចពីខាងលើ ទើបអាចឈូសឆាយ សាងសង់ផ្ទះ ឬរៀបចំធ្វើអ្វីផ្សេងៗទៀត។ តែទោះបីជាយ៉ាងណា ដីភ្នំភាគច្រើននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ គឺមានប្លង់រឹង ឬប្លង់កម្មសិទ្ធិកាន់កាប់ស្ទើរគ្រប់គ្នាអស់ទៅហើយដែរ៕