(បន្ទាយមានជ័យ)៖ ដល់ថ្ងៃកំណត់ហើយ ប៉ុន្ដែភាគីថៃមិនឆ្លើយតបនោះទេ តាមសំណើររបស់ភាគីទាហានកម្ពុជា ដែលទាមទារឲ្យចុះរុះរើស្លាកសញ្ញាមីនចេញ ហេតុដូច្នេះហើយនៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានបញ្ជាឲ្យកម្លាំងដែលឈរជើងនៅតំបន់នៅបង្គោលព្រំដែនលេខ៣២-៣៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចុះរុះរើស្លាកសញ្ញាមីនទាំងអស់ចេញតែម្តង។
ការដាក់ឱសានវាទរបស់ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើឡើងកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ទៅភាគីទាហានថៃ នៅក្នុងកិច្ចប្រជុំមួយដោយមានការចូលរួមលោកឧត្តមសេនីយ៍ទោ ព្រំ រឿន និងឧត្តមសេនីយ៍ទោ ទឹម ទុំ អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក។ នៅក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ បានឲ្យភាគីថៃរុះរើរាល់ស្លាកសញ្ញាមីន និងខ្សែក្រហមដោះមីន ចេញពីតំបន់ចន្លោះបង្គោលសីម៉ាលេខ៣២ និងលេខ៣៣។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សេង ធារិន បានប្រាប់ឲ្យក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ជូនដំណឹងដល់ភាគីថៃ ឲ្យរុះរើស្លាកសញ្ញាមីនចេញឲ្យអស់ ក្នុងរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃនេះទៅ។ បើរយៈពេល២ថ្ងៃ មិនធ្វើការរុះរើស្លាកសញ្ញាដោះមីនទេ កម្លាំងឈរជើងនៅទីនោះ នឹងធ្វើការរុះរើដោយខ្លួនឯង ហើយរាល់សកម្មភាពផ្សេងៗ តាមបណ្តោយព្រំដែន សូមភាគីថៃជូនដំណឹងគ្នាទៅវិញទៅមក។
ក្រោយពិភាក្សាគ្នាចប់ ក្រុមការងារបានចុះត្រួតពិនិត្យ គោលដៅថៃដោះមីនជាក់ស្តែងនៅចំណុចភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕