Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសាធារណការខេត្តព្រះវិហារ ពង្រឹងការអនុវត្តវិធានការសុខាភិបាល ដើម្បីចូលរួមការពារជំងឺកូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

14-12-2020 18:12

(ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននឹងកំពុងយកចិត្តទុកដាក់ជាប់ជាប្រចាំលើបញ្ហាពង្រឹងការអនុវត្តវិធានការសុខាភិបាល ដល់មន្ត្រីគ្រប់ផ្នែក ក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណការ ក្នុងទិសដៅរួមគ្នាការពារមេរោគកូវីដ១៩ និងរួមគ្នាបញ្ចប់ព្រឹត្តិការណ៍សហគមន៍ថ្ងៃ ២៨វិច្ឆិកាផងដែរ។

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា កន្លងមកក៏ដូចជាបច្ចុប្បន្ននេះ មន្ទីរសាធារណការបានយកចិត្តទុកដាក់សំខាន់លើផ្នែកសោភណ្ឌ និងបរិស្ថាន ក្នុងទិសដៅធ្វើយ៉ាងណាឲ្យបរិវេណ ក៏ដូចជាការិយាល័យធ្វើការនានានៅក្នុងមន្ទីរ មានសោភណ្ឌភាព និងបរិស្ថានល្អ។ ការអនុវត្តប៉ុន្មានឆ្នាំជាប់ៗគ្នានេះ មន្ទីរទទួលបាននូវបណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថានថែមទៀតផង។

លោកប្រធានមន្ទីរបានថ្លែងទៀតថា ស្របពេលដែលជំងឺកូវីដ១៩ បានផ្ទុះឡើងជាសកលនៅទូទាំងពិភពលោកនោះ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងទិសដៅការពារជំងឺកូវីដ១៩ មន្ទីរសាធារណការព្រះវិហារ បានដាក់ចេញនូវវិធានការសុខាភិបាលជាច្រើន ដូចជាការបាញ់ដោយទឹកអាល់កុលលាងសម្អាតដៃ និងវាស់កម្តៅចំពោះមន្ត្រី និងភ្ញៀវ នៅខ្លោងទ្វារមុនចូលមន្ទីរ និងតាមការិយាល័យនីមួយៗ។

លោកសំ លាងទ្រី បន្តថា ស្របពេលកូវីដ១៩ បានកើតមានតាមសហគមន៍ចាប់តាំងពីថ្ងៃទី២៨វិច្ឆិកាមក ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍តាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងអនុវត្តតាមការណែនាំរបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្នុងទិសដៅការពារមេរោគកូវីដ១៩ មន្ទីរបានបំពាក់នូវម៉ាស៉ីនបាញ់ទឹកអាល់កុលថែមមួយទៀត។

«ការធ្វើបែបនេះ ក្នុងគោលបំណងអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរួមគ្នាការពារមេរោគកូវីដ១៩ ក៏ដូចជារួមគ្នាបញ្ចប់ព្រឹត្តិការណសហគមន៍ ២៨វិច្ឆិកាផងដែរ»។ នេះជាការបញ្ជាក់បន្ថែម របស់ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ៕