(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំមន្ត្រីដែលពាក់ព័ន្ធ ចុះពិនិត្យមើលការកែលម្អរសោភ័ណភាពក្រុងស្វាយរៀង ដែលកំពុងតែស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីប្រែក្លាយក្រុងមួយនេះ ពោលពេញទៅដោយសណ្ដាប់ធ្នាប់ល្អ និងជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
មន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា ការចុះពិនិត្យនូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងពីសំណាក់លោកអភិបាលខេត្តស្វាយរៀងនាពេលនេះ គឺបានពិនិត្យទីតាំងស្រះវង់កំពុងរៀបចំក្រាលការ៉ូឡាថ្មី លាបថ្នាំ បំពាក់ភ្លើងបំភ្លឺលម្អរ សួនច្បារ ដាំដើមឈើ និងពិនិត្យស្រះទឹកដើម្បីធ្វើពិធីព្រលែងត្រីចម្រុះពណ៌នៅក្នុងស្រះនេះ ដែលគ្រោងធ្វើនៅថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២១ ខាងមុខ។
មន្ត្រីដដែលបានបន្តថា ក្នុងនោះលោកអភិបាលខេត្តបានពិនិត្យទីតាំងក្នុងការរៀបចំវិថីលក់ម្ហូបអាហារនៅសង្ខាងផ្លូវខាងត្បូងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីចូលរួមកែសម្រួលដល់សោភ័ណភាពក៏ដូចជា បញ្ជៀសការកកស្ទះចរាចរណ៍ នៅខាងមុខមន្ទីរពេទ្យនាពេលកន្លងមក។ ហើយក៏បានពិនិត្យសាលប្រជុំធំសាលាខេត្តកំពុងធ្វើការជួសជុលសម្ភារបរិក្ខាផ្សេងៗ ដែលបានខូចមួយចំនួនកន្លងមក ដើម្បីត្រៀមលក្ខណះទទួលនូវកិច្ចប្រជុំសំខាន់ៗផ្សេងៗទៀត៕