(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅក្នុងកិច្ចប្រជុំបូកសរុបប្រចាំខែវិច្ឆិកា នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះស្មារតី ចូលរួមរបស់មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងគ្រប់ប្រភេទ អាជីវករ រួមសប្បុរជន ក្នុងការបរិច្ចាគនូវថវិការផ្ទាល់ខ្លួន ដើម្បីជួយសម្រាលដល់ រារដ្ឋាភិបាលទិញ វ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩។
លោក វ៉ា ថន ក៏បានស្នើសុំដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចក្តាឡីស័ក សូមអត់ធ្មត់ និងចូលរួមសហការជាមួយអាជ្ញាធរ បន្តគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងស្តាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋាន រួមបន្តបង្កើនការបង្ករបង្កើនផល និងដំណាំរួមផ្សំ ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុងស្រុកដែលបានគោរព និងអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយស្មារតីចូលរួមផុលផុស និងប្រសិទ្ធភាព ដែលជាការបញ្ជាក់ថាយើងមានការយល់ដឹងច្បាស់ និងមានតែការរួមគ្នាទើបអាចការពារ និងទប់ស្កាត់ជំងឺនេះបានកុំឲ្យចូលសហគមន៍។
លោក វ៉ា ថន ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ មិនត្រូវភ្លេចនោះដែរចំពោះការងារបង្ករបង្កើនផល ត្រូវចុះពិនិត្យនិងតាមដានលើសកម្មភាព និងបច្ចេកទេស ដាំដុះក៏ដូចជាការប្រើប្រាស់ពូជរួម និងការប្រើប្រាស់ទឹកស្រោចស្រពផងដែរ។
នៅក្នុងកិច្ចប្រជុំបូកសរុបប្រចាំខែវិច្ឆិកា របស់រដ្ឋបាលខេត្តក្រចេះនេះបានផ្តោតទៅលើវិស័យចំនួន៣ គឺ៖ វិស័យកសិកម្ម វិស័យអភវឌ្ឍន៍ជនបទ និងវិស័យសាធារណៈការ និងដឹកជញ្ជូន ដែលមានដូចជា៖
*ទី១៖ សម្រាប់វិស័យកសិកម្ម៖ ជាលទ្ធផលផ្ទៃដីបានស្តារដំណាំស្រូវឡើងវិញកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កសិករចំនួន ២,៣៧២គ្រួសារ បានទទួលគ្រាប់ពូជ ស្រូវចំនួន ២៣៧,២០០គីឡូក្រាម ពីរាជរដ្ឋាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានបញ្ចប់ការស្តារឡើងវិញជាស្ថាពរ ដោយស្តារបានចំនួន ១,៨៧១.១៧ហិចតា ស្មើនឹង ១០៩.៧៧% ស្មើនឹង ២,៤២៣គ្រួសារ។
*ទី២៖ វិស័យអភិវឌ្ឍន៍ជនបទ សម្រាប់ផែនការឆ្នាំ២០២១ សម្រាប់ការងារផ្លូវមាន ផ្លូវកៅស៊ូ ២ជាន់ប្រវែងជាង៦១គីឡូម៉ែត្រ ក្នុងស្រុកឆ្លូង -ផ្លូវកៅស៊ូ ២ជាន់ ក្នុងស្រុកសំបូរ ១០គីឡូម៉ែត្រ, ស្រុកចិត្របុរី ១២គីឡូម៉ែត្រ, ថែទាំខួបគ្រួសក្រហមស្រុកព្រែកប្រសព្វជាង ៩គីឡូម៉ែត្រ ចិត្របុរី ៦គីឡូម៉ែត្រ, ការងារទឹក សាងសង់អណ្ដូងស្នប់ចំនួន ២៣ អណ្ដូង មានក្នុងស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្នួល ចិត្របុរី, ថែទាំខួបផ្លូវចំនួន ៣ខ្សែសរុប ២៧.៥០គីឡូម៉ែត្រ ក្នុងស្រុកព្រែកប្រសព្វ និងចិត្របុរី-ថែទាំប្រចាំ ៥ខ្សែ សរុប ១០២.៥០គីឡូម៉ែត្រ ក្នុងស្រុកសំបូរ ចិត្របុរី និងព្រែកប្រសព្វ, ជួសជុលផ្លូវមួយខ្សែសរុប ៩.៦០គីឡូម៉ែត្រក្នុងស្រុកសំបូរ។
*ទី៣៖ សម្រាប់វិស័យសាធារណៈការនិងដឹកជញ្ជូន៖ គម្រោងថែទាំប្រចាំផ្លូវជាតិ ផ្លូវខេត្ត គ្រប់ប្រភេទប្រវែងសរុប ១,០២០.៤៨ គីឡូម៉ែត្រ ដោយក្នុងនោះមាន៖ ថែទាំប្រចាំផ្លូវជាតិផ្លូវខេត្តក្រាលកៅស៊ូប្រវែង ៣០២.៤៥ គីឡូម៉ែត្រ, ថែទាំប្រចាំផ្លូវជាតិផ្លូវខេត្តក្រាលគ្រួសក្រហមប្រវែង ៧០៦.៧៨ គីឡូម៉ែត, ផ្លូវឆ្លងកាត់ក្រុងប្រវែង ១១.២៤គីឡូម៉ែត្រ, ការងារថែទាំខួប៖ ជួសជុលផ្លូវជាតិលេខ៧៣ ប្រវែង ១,៨៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ, ជួសជុលនិងពង្រីកផ្លូវខេត្តលេខ៣៧១ ប្រវែង ១,៧០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងលូមូលបណ្ដោយផ្លូវ ១,៧០០ម៉ែត្រ, សាងសង់ផ្លូវក្រាលកៅស៊ូផ្លូវខេត្តលេខ២៧៩ ប្រវែង ៣,១៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ, សាងសង់លូបណ្ដោយផ្លូវជាតិលេខ៧៣ ប្រវែង ៣,០០០ម៉ែត្រ, ការងារស្រោចកៅស៊ូ២ជាន់ ផ្លូវជាតិលេខ៧៣ ប្រវែង ២,៧៧០ម៉ែត្រ ទទឹង១០ម៉ែត្រ, ការងារស្រោចកៅស៊ូ២ជាន់ ផ្លូវជាតិលេខ៧៦ ប្រវែង ២,៦០០ម៉ែត្រ ទទឹង ១០ម៉ែត្រ៕