(ភ្នំពេញ)៖ សាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះបានសម្រេចកាត់ទោស លោក សុខ ប៊ុន អតីតប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា ឲ្យជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ប៉ុន្តែទោសនេះ ឲ្យអនុវត្តត្រឹមតែ១០ខែប៉ុណ្ណោះ ។
លោក សុខ ប៊ុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីបានប្រើអំពើហិង្សាវាយដំអតីតពិធីការិនី កញ្ញា ឯក សុជាតា ហៅសាសា នៅក្នុងក្លឹបកម្សាន្តមួយកន្លែង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥។ សាលក្រមរបស់លោក ត្រូវបានប្រកាសដោយ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា ដោយមិនតម្រូវឱ្យផ្តល់សំណងទៅកញ្ញាសាសា។
សូមរំលឹកថា កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ដោយសារតែភាពជោកជាំនៃគ្រឿងស្រវឹងលោក សុខ ប៊ុន និងកញ្ញា សាសា បានផ្ទុះជម្លោះពាក្យសម្តីរហូតឈានដល់ការប្រើហិង្សា វាយទាត់ធាក់យ៉ាងធ្ងន់ធ្ងរ។
បន្ទាប់ពីការព្យាយាមរត់គេចខ្លួនអស់ជាច្រើនថ្ងៃ លោក ស៊ុន ប៊ុន ក៏បានចូលខ្លួនទទួលទោសតាមការអំពាវនាវរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ លោក សុខ ប៊ុន ត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ដោយចោទពីបទ «ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់»។ តែលោក សុខ ប៊ុន ត្រូវបានធានាឲ្យក្រៅឃុំ ក្រោមហេតុផលមានជំងឺជាប់ខ្លួន៕