(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានបន្តបើកប្រតិបត្តិការ ក្នុងការលបឆ្មក់បង្ក្រាបល្បែងស៊ីសងបៀរដ៏ធំ១កន្លែងទៀត ដោយឃាត់ខ្លួនអ្នកញៀនល្បែងទាំងស្រី និងប្រុសចំនួន២១នាក់ ដកហូតសម្ភារ ពាក់ព័ន្ធបទល្មើសមួយចំនួន ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអ្នកដឹកនាំកម្លាំងផ្ទាល់ ក្រោមការចូលរួមអនុវត្តវិធានការពីលោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា និងកម្លាំងអាជ្ញាធរសង្កាត់, សមត្ថកិច្ចប៉ុស្ដិ៍ និងខណ្ឌផងនោះ គឺប្រតិបត្តិការស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងបៀរ ហើយឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែង ទាំងស្រីទាំងប្រុស ចំនួន២១នាក់នេះ គឺបានចាប់ផ្ដើមឡោមព័ទ្ធបង្ក្រាប ស្ថិតនៅតាមបណ្ដោយផ្លូវហ្គោល ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។
បន្ថែមពីនេះ លោកអភិបាលរងខណ្ឌឫស្សីកែវ ប្រាជ្ញ សីហា បានឱ្យដឹងផងដែរថា ចំពោះប្រតិបត្តិការបង្ក្រាបល្បែងបៀរ ដោយឃាត់ខ្លួនអ្នកញៀនល្បែង ចំនួនជាង២០នាក់ និងដកហូតសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួននេះ គឺបានអនុវត្តឡើងក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោយពីទទួលបានសេចក្ដីរាយការពីប្រជាពលរដ្ឋ ដើម្បីឈានទៅលប់បំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីទប់ស្កាត់រាល់បទល្មើសចោរកម្មនានា ដូចជាអំពើលួច ឆក់ ប្លន់ សំដៅលើការអនុវត្តឲ្យមានប្រសិទ្ធភាព ចំពោះគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
យ៉ាងណាក៏ដោយ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការបង្ក្រាបល្បែងបៀរដ៏ធំមួយកន្លែងនេះភ្លាមៗ, កម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជូនអ្នកញៀនល្បែងទាំងអស់ និងសម្ភារពាក់ព័ន្ធបទល្មើសទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តនីតិវិធី៕