Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចឃាត់ខ្លួនអ្នកជួលបន្ទប់ ក្រោយម្ចាស់ផ្ទះប្តឹងថា ទម្លុះដំបូលចូលលួចមាសជិត ២តម្លឹង

15-02-2016 14:52

(ភ្នំពេញ)៖ បុរសម្នាក់ បានប្តឹងសមត្ថកិច្ចឲ្យចាប់បុរស ជាអ្នកជួលបន្ទប់ក្នុងផ្ទះរបស់ខ្លួន ដោយចោទប្រកាន់ថា បានលួចទម្លុះដំបូលបន្ទប់ ចូលលួចមាសអស់ជិត២តម្លឹង។ បុរសដែលរងការចោទប្រកាន់នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន នៅម៉ោងប្រមាណ ១២៖១០នាទីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួលក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ ឆាង សាយ ជាង ៣០ឆ្នាំ។

លោក ជ័យ ជីវ័ន្ត អាយុ ៣២ឆ្នាំ ជាម្ចាស់ផ្ទះជួល និងមានបរបរលក់ដូរផងដែរនោះ បានប្រាប់ថា ផ្ទះរបស់គាត់ មានអ្នកជួលតែមួយបន្ទប់ប៉ុណ្ណោះ គឺប្តី-ប្រពន្ធជនសង្ស័យនេះតែម្តង។ បុរសជាម្ចាស់ផ្ទះបន្តថា ដោយមើលឃើញប្រពន្ធជនសង្ស័យជាមនុស្សស្លូតបូត ខ្លួន ក៏ឲ្យជួលបន្ទប់ស្នាក់នៅជាមួយគ្រាន់ជួយមើលកូន និងជួយលក់ដូរខ្លះពេលទំនេរ។

បុរសម្ចាស់ផ្ទះបន្តទៀតថា នៅមុនពេលកើតហេតុនេះ គាត់បានចេញទៅផ្សារទិញទំនិញយកមកលក់ដូរ ហើយក៏ផ្តាំផ្ញើឲ្យប្តី-ប្រពន្ធជនសង្ស័យ ជួយមើលផ្ទះ និងលក់ដូរផងដែរ។ លុះពេលត្រឡប់មកវិញ ក៏មិនចាប់អារម្មថា មានគេទម្លុះដំបូលបន្ទប់ ចូលទៅលូចយកមាសនោះឡើយ។

បន្ទាប់ពីមកដល់ផ្ទះបានមួយសន្ទុះ ប្រពន្ធជនសង្ស័យ បានប្រាប់ថា បន្ទប់ត្រូវបានគេទម្លុះដំបូលចូលទៅរើកកាយ ឮដូចនេះ ស្រ្តីជាម្ចាស់ផ្ទះ ក៏បានចូលទៅមើល ហើយឆែករកមាសមិនឃើញ ក៏បានមានការស្រែកឆោរឡោឡើងនាំឲ្យមានការភ្ញាក់ផ្អើលតែម្តង។ នេះ បើតាមការបញ្ជាក់បន្ថែមពីម្ចាស់ផ្ទះ។

បុរសជាម្ចាស់ផ្ទះបន្តថា មូលហេតុ ដែលនាំឲ្យខ្លួនប្តឹងបុរសជាអ្នកជួលផ្ទះថា ជាអ្នកលួចមាស ដោយសារពេលកន្លងមកខ្លួនបានទុក ចិត្តប្តី-ប្រពន្ធនេះ ហើយឲ្យពួកគេចេញចូលក្នុងផ្ទះ ដូចគ្រួសារតែមួយ ហើយពួកគេ ក៏ប្រហែលជាអាចដឹងពីការទុកដាក់មាស នេះផងដែរ។

ទោះជាយ៉ាងណារហូតមកដល់ម៉ោងប្រមាណ ២៖៣៣រសៀលថ្ងៃដដែលនេះ កម្លាំងកងរាជអាវុធហត្ថកំពុងបន្តសាសកសួរលើជនសង្ស័យ ហើយក៏មិនទាន់ដឹងថា មានលទ្ធផលយ៉ាងណានោះឡើយ៕