(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្រាវជ្រាវបុគ្គលមួយក្រុម ដែលអះអាងថា ខ្លួនជានគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងបានចេញមកដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តជនជាតិចិន ជាមួយរថយន្ដរបស់មន្ដ្រីសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ចំណុចមុខសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
នគរបាលមួយក្រុមនោះ ដែលមានគ្នាប្រមាណ៤-៥នាក់ ក៏បានប៉ះទង្កិចពាក្យសម្ដីជាមួយលោកអនុសេនីយ៍ឯក ពេជ្រ ស៉ឹមធារ៉ាត់ នាយប៉ុស្ដិ៍ស្ដីទី នៃប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ចតុមុខផងដែរ ដែលកំពុងដឹកនាំមន្ដ្រីអន្ដរាគមន៍ សម្របសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍នេះ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះថា លោកឧត្តមសេនីយ៍ ស ថេត បានបញ្ជាឲ្យស្រាវជ្រាវលើកករណីនេះ ដើម្បីដឹងច្បាស់ថា តើនគរបាលមួយក្រុមនោះនៅអង្គភាពណា។ លោក សាន សុខសីហា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងស្រាវជ្រាវលើករណីនេះ ព្រោះយើងមិនទាន់ដឹងច្បាស់ថា ពួកគាត់នៅអង្គភាពណានោះទេ»។
គួរជម្រាបថា ដើមចមនៃហេតុការណ៍នេះ គឺដំបូងឡើយមានជនជាតិចិនមួយក្រុម បើករថយន្ដម៉ាក Tundra ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2BG-6615 មកប៉ះរថយន្ដមួយគ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2Q-4084 ដែលជាកម្មសិទ្ធិរបស់មន្ដ្រីសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ។
ក្រោយកើតហេតុមន្ដ្រីនគរបាលមូលដ្ឋាន ដឹកនាំដោយលោកអនុសេនីយ៍ឯក ពេជ្រ ស៉ឹមធារ៉ាត់ នាយប៉ុស្ដិ៍ស្ដីទី នៃប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ចតុមុខ បានចុះទៅសម្របសម្រួលដើម្បីបញ្ចប់រឿង ព្រោះយល់ថាខូចខាត និងគោលបំណងមិនចង់ឲ្យរឿងវែងឆ្ងាយជាងនេះ។
ពេលកំពុងសម្របសម្រួលនោះ ស្រាប់តែលេចមុខមនុស្សមួយក្រុមជិះរថយន្ដស៊េរីទំនើបម៉ាក Rang Rover ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2BL-3399។ ដោយក្នុងរថយន្ដនោះ មានមនុស្ស៣នាក់ (សុទ្ធតែពាក់ម៉ាស) ម្នាក់អង្គុយខាងក្រោយពាក់អាវយឺត មានសញ្ញានគរបាល ដៃកាន់វិទ្យុទាក់ទង និងអះអាងថា ជាមន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ ក្នុងនោះក៏មានអង្គរក្ស២នាក់ផងដែរ ពាក់ឈុតខ្មៅ និងកាន់កាបូបធំមួយត្បៀតក្លៀក ព្រមទាំងមាននគរបាលប៉ុន្មាននាក់ទៀត មកជាមួយដោយជិះរថយន្ដផ្សេង។
តែយ៉ាងណាក៏ដោយ ក្រោយមានការសម្របសម្រួលគ្នារួច ក៏បានបញ្ចប់ទៅ ដោយភាគីមកដោះស្រាយនេះ បានសងសំណង២០០ដុល្លារ ជូនម្ចាស់រថយន្តមន្រ្តីសណ្តាប់ធ្នាប់ខណ្ឌដូនពេញ រួចក៏បែកផ្លូវគ្នាទៅ៕