(រតនគិរី)៖ លោក ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលបានលើកឡើងថា «យុវជនត្រូវអភិវឌ្ឍន៍ខ្លួន ឲ្យស្របជាមួយការអភិវឌ្ឍរបស់ជាតិ កុំឲ្យការអភិវឌ្ឍខ្លួនឯង (មហិច្ឆតា) បំផ្លាញជាតិ និងបំផ្លាញអ្នកដទៃ»។
លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅក្នុងឱកាស ដែលលោកបានអញ្ជើញប្រធានគណអធិបតី ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តរតនគីរី នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ដែលពីធីនេះ មានការចូលរួមពីប្រធានគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមការងារយុវជនបក្សខេត្ត និងសមាជិក សមាជិកា សកម្មជនយុវជនបក្ស ជាង៤០០នាក់។
លោក បានបញ្ជាក់ថាគណបក្សប្រជាជន គឺជាគណបក្សដែលធំជាងគេ ក្នុងការដឹកនាំប្រទេស ដែលបានខិតខំដោះស្រាយ និងធ្វើការងារជាច្រើន ដើម្បីជាតិ និងជាប្រជាជន។ វាជាកិត្តិយស និងឱកាសរបស់យុវជន ដែលបានការសម្រេច និងទទួលស្គាល់របស់គណបក្ស ហើយយុវជនបានទទួលនូវលផលប្រយោជន៍ ចំនួន០២ គឺផលប្រយោជន៍ដោយផ្ទាល់ ដែលសំដៅទៅលើការទទួលបានតួនាទី និងភារកិច្ចដោយផ្ទាល់ពីបក្ស និងផលប្រយោជន៍ ដោយប្រយោលសំដៅទៅលើផលប្រយោជន៍រួម ដែលបានមកពីការកសាងសន្តិភាព ស្ថេរភាព ដែលធ្វើឲ្យយុវជនមានឱកាស ទទួលការអប់រំការកសាងសមត្ថិភាព និងមានការចូលរួមកាងារ សង្គមជាច្រើន។
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា វាមិនសំខាន់ទៅលើឋានៈ តួនាទីខ្ពស់នោះទេ សំខាន់យើងមាន ឆន្ទៈមនសិការ ខិតខំធ្វើអំពើល្អ ដើម្បីបក្ស និងផលប្រយោជន៍សង្គម។
បន្ទាប់មកតំណាងសមាជិកគណបក្ស ប្រជាជនខេត្តរតនគិរី បានឡើងប្តេជ្ញាចិត្តគោរពលក្ខន្តិកៈ គោលការណ៍ គោលនយោបាយរបស់បក្ស និងបោះឆ្នោតគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ៕