(កណ្តាល)៖ ព្រះតេជគុណសទ្ធម្មកោសល យ៉ិន សុទ្ធារ៉ា ព្រះបាឡាត់គុណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តសុភី ទទួលបានកោតសរសេីរ និងចូលរួមផ្តល់រង្វាន់ដល់អធិការស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីលោកអធិការបានបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូបានដោយជោគជ័យ។
ក្រោយឃើញមើលឃើញពីស្នាដៃរបស់លោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ ដែលបើកយុទ្ធនាការបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូមក ព្រះតេជគុណសទ្ធម្មកោសល យ៉ិន សុទ្ធារ៉ា ព្រះបាឡាត់គុណខេត្តកំពង់ស្ពឺ បានបង្ហាញពីការកោដសរសើរ និងសម្រេចផ្តល់ជារង្វាន់ដល់អធិការស្រុកកៀនស្វាយដើម្បីលើកទឹកចិត្ត ចំពោះការ បំពេញការងារ និងអប់រំក្មេងយុវវ័យក្នុងសង្គមខ្មែរ។
ប្រាក់រង្វាន់ទាំងអស់នោះមានដូចជា៖ អង្ករ៣តោន ម៉ាស៤០ប្រអប់ អាកុល១២០ដប សាប៊ូបោកខោអាវ២០យួរ និងថវិកា៥០០ដុល្លារអាមេរិក។
ព្រះតេជគុណយ៉ិន សុទ្ធារ៉ា មានសង្ឃដីកាថា សកម្មភាពរបស់អធិការស្រុកកៀនស្វាយ គឺមិនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារក្មេងទំនើងនោះទេ ផ្ទុយទៅវិញវាជា កាយវិការដ៏ល្អសម្រាប់អប់រំក្មេងៗឱ្យដឹងពីគុណរបស់មាតាបិតា ហើយអប់រំក្មេងជំនាន់ក្រោយទៀតគ្រាន់ជាការពិចារណា។ សម្រាប់ព្រះអង្គការអនុវត្តរបស់អធិការ ស្រុកកៀនស្វាយ បានឱ្យផលប្រយោជន៍ជាច្រើនដល់សង្គម ហើយប្រសិនបើអធិការស្រុកនៅទូទាំងប្រទេសអនុវត្តបានបែបនេះជាសារមួយឱ្យមាតាបិតា បង្កើនការ ប្រយ័ត្នប្រយែងជាមួយកូនៗរបស់ពួកគាត់ផងដែរ។
គួរបញ្ជាក់ថា លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបង្ហាញមុខក្រុមក្មេងទំនើង ០៤នាក់ ករណីបង្ហោះម៉ូតូយកមកធ្វើការអប់រំ នៅចំពោះមុខអាណាព្យាបាល។ ក្រោយពីទទួលបានព័ត៌មានភ្លាមៗសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដីឥដ្ឋ បានចុះដល់កន្លែងកើតហេតុ ក៏បានឃើញសកម្មភាពក្មេងទំនើងនោះ ធ្វើការបង្ហោះម៉ូតូភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ បានដេញធ្វើការនាំខ្លួនក្រុមក្មេងទំនើងទាំងអស់នោះ យកមកសួរនាំនៅប៉ុស្តិ៍ ហើយក្មេងទំនើងទាំងនោះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតពិតប្រាកដមែន ក្រោយសួរនាំរួចក្មេងទំនើងទាំង ០៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញផ្នែកយុត្តិធម៌ស្រុកកៀនស្វាយ បញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ។
ជាមួយនឹងការផ្តល់រង្វាន់ដល់អធិការស្រុកកៀនស្វាយ ព្រះតេជគុណ យ៉ិន សុទ្ធារ៉ា ក៏បានឧបត្ថម្ភ សម្ភារ និងថវិកាមួយចំនួនទៀតដល់វត្តកោះប្រាក់ដើម្បីឆ្លើយតប និងពាក្យចចាមរាម ដែលជនអានាមឹកដែលថា វត្តកោះប្រាក់ឆ្លងកូវីដ-១៩ ក្នុងន័យធ្វើបាបព្រះសង្ឃវត្តកោះប្រាក់ឱ្យដាច់ចង្វាន់ផងដែរ៕