(ភ្នំពេញ)៖ ប្ដីប្រពន្ធវ័យចំណាស់២នាក់ ជិះបើកម៉ូតូសង់កូរ៉េ១គ្រឿងដឹកគ្នាត្រឡប់ទៅផ្ទះវិញ ខណៈស្របទិសជាមួយ និងម៉ូតូសង់ឌ្រីមC១២៥ជិះបើកវ៉ាយ៉ាងលឿនជ្រុល ទៅបុកម៉ូតូសង់កូរ៉េ ចំពីចំហៀងបណ្ដាលឲ្យដួលបោក និងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យឯកជន សម្រាកព្យាបាលសន្តិភាព ដែលនៅនោះភ្លាមៗផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើបានកើតឡើង នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៦ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនបង្កឈ្មោះ សៅ សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាជាងកាត់ដេរ ស្នាក់នៅផ្ទះលេខ៤០៩C ផ្លូវលំ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងជាអ្នកបើកបរម៉ូតូម៉ាកសង់ឌ្រីមC១២៥ពណ៍ខ្មៅសេរីឆ្នាំ ២០១៥ ពាក់ស្លាកលេខភ្នំពេញ ១FK.៥៦៧១។ រីឯជនរងគ្រោះជាប្ដីមានឈ្មោះ លី ស្លៃម៉ាណ អាយុ៧០ឆ្នាំ មានមុខរបររត់ម៉ូតូឌុបរងបួសហូរឈាម តាមច្រមុះសន្លប់ស្ដូកស្ដឹង និងជាអ្នកបើកម៉ូតូម៉ាកសង់កូរ៉េ C១០០ ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ ១CL.០១៩៨ ចំណែកប្រពន្ធមានឈ្មោះ ឡោះ ម៉ារី អាយុ៦៥ឆ្នាំ មានមុខរបរនៅផ្ទះ រងបួសរលាត់ដៃជើងសន្លប់បាត់មាត់ឈឹង២នាក់ប្ដីប្រពន្ធស្នាក់នៅ ក្បែរចំណុចកើតហេតុខាងលើ។
មន្ត្រីនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១បានឲ្យដឹងថា បើតាមសាក្សីនៅកន្លែងកើតហេតុ មុនកើតហេតុគេឃើញម៉ូតូសង់កូរ៉េ១គ្រឿង ជិះបើកដឹកប្រពន្ធក្នុងទិសដៅ ពីលិចមកកើតក្នុងល្បឿនលឿន ល្មមស្របទិសជាមួយនិងម៉ូតូសង់ឌ្រីម C១២៥ ដែលបើកបរម្នាក់ឯងយ៉ាងលឿន មកជែងម៉ូតូសង់កូរ៉េ ពីខាងឆ្វេងបណ្ដាលឲ្យបុកដួលខ្ទាតប្លោងបោក និងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរ ទាំង២នាក់ប្ដីប្រពន្ធ តែម្ដងចំណែកម៉ូតូជនរងគ្រោះ រងការខូចខាតបន្តិចបន្ទួចតែប៉ុណ្ណោះភ្លាមនោះ ត្រូវបានប្រជាពលរដ្ឋ ដែលនៅក្បែរនោះ ជួយដោយដឹកតាមរ៉ឺម៉កកង់បី ទៅមន្ទីរពេទ្យឯកជនសន្តិភាព ដើម្បីសង្គ្រោះភ្លាមៗផងដែរដោយឡែកជនបង្ករងរបួសរលាត់ជើងខាងស្ដាំ ព្រមទាំងម៉ូតូមិនមានរងការខូចខាតធំដុំនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍ច្រាំងចំរេះទី១ បានធ្វើការវាស់វែងដោយសម្រេចយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅប៉ុស្ដិ៍ ដើម្បីធ្វើការសម្របសម្រួល ដោយភាគីបង្កបានចេញសងថ្លៃខូចខាត និងព្យាបាលជំងឺឲ្យជនរងគ្រោះ ចំនួន៨០ដុល្លារ ដើម្បីបញ្ចប់រឿងដោយឡែក ដោយភាគីរងគ្រោះយល់ឃើញថា ពេលទៅដល់មន្ទីរពេទ្យរូបគាត់ទាំង២នាក់ប្ដីប្រពន្ធ ពុំមានរងរបួសធ្ងន់ធ្ងរ និងរងការខូចខាតក៍សម្រេចទទួលយកប្រាក់ចំនួន៨០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្ដងទៅ៕