(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ ព្រមទាំងព្រះរាជទ្រព្យចំនួន ១ម៉ឺនដុល្លារអាមេរិក និងបាច់ផ្កាស្រស់ល្អ ១កន្ត្រកធំ ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។
សារលិខិតនោះមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់មានសេចក្ដីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជសារប្រទានពរជ័យ ដែលមានអត្ថន័យជ្រាលជ្រៅ និងព្រះរាជទ្រព្យ ចំនួន 10,000 USD (ដប់ពាន់ដុល្លារសហរដ្ឋអាមេរិក) ព្រមទាំងផ្កាស្រស់ល្អ១កន្ត្រក ដែលជាព្រះរាជទានដ៏ថ្លៃថ្លា អំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ ក្នុងឱកាសទិវាខួបកំណើតរបស់ខ្ញុំម្ចាស់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០»។
ខ្ញុំម្ចាស់ សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទាន នូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ ហើយដែលខ្ញុំម្ចាស់ នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ជីកអណ្តូងទឹកស្អាត ជូនប្រជារាស្ត្រក្រីក្រ តាមជនបទនៅកម្ពុជា។ ខ្ញុំម្ចាស់ចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែ ប្រោសព្រះរាជទាន ដល់ខ្ញុំម្ចាស់ និងក្រុមគ្រួសារ ជាការលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល មហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្ត្រគ្រប់ៗរូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តរៀងទៅ»៕
ខាងក្រោមនេះ ជាសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៖