(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានជូនដំណឹងដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានទាំងអស់ ឲ្យចូលមកបំពេញការងារជាធម្មតាវិញ ក្រោយលទ្ធផលនៃការធ្វើតេស្តរកកូវីដ១៩ របស់អ្នកទាំងអស់នោះបានបិទបញ្ចប់ ហើយដោយបញ្ជាក់ថាអវិជ្ជមាន។ នេះបើតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ក្រោយពីការប្រកាសរបស់ក្រសួងសុខាភិបាលអំពីលទ្ធផល នៃការធ្វើតេស្តលើកទី៣ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលទទួលបានលទ្ធផលអវិជ្ជមានរួចមក និងដើម្បីចូលរួមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ បន្តទៀត អគ្គលេខាធិការដ្ឋានរដ្ឋសភា បានសំណូមពរដូចខាងក្រោម៖
១៖ សម្តេច និងអ្នកដែលបានធ្វើតេស្តចំនួន ៣លើក និងធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃរួចហើយ អាចមកបំពេញការងារជាធម្មតាបាន ពុំមានការធ្វើតេស្តជាលើកទី៤ទេ។
២៖ សូមមេត្តាអនុវត្តន៍ទៅតាមការណែនាំរបស់ក្រូសួងសុខាភិបាលឱ្យបានត្រឹមត្រូវដូចជា៖
* ពាក់ម៉ាសជាប់ជានិច្ច
* លាងដៃជាមួយសាប៊ូ និងទឹកស្អាតឬជាមួយអាកុល ឬទឹកដែលសម្រាប់លាងដៃឱ្យបានញឹកញាប់
* មិនមានជួបជុំគ្នាកុះករច្រើន លើសពី២០នាក់
* រក្សាគម្លាតសុវត្ថិភាព ឱ្យលើសពីមួយម៉ែត្រកន្លះឡើងទៅជាដើម៕