(ភ្នំពេញ)៖ មនុស្សប្រុសស្រី២នាក់ រងរបួសធ្ងន់ស្រាល ក្រោយជិះបើកម៉ូតូសង់ឌ្រីមC១២៥ មួយគ្រឿងមិនប្រយ័ត្ន ខណៈបញ្ច្រាសទិស និងរថយន្ដ១តោនកន្លះ ដឹកមីរបស់ក្រុមហ៊ុន ឡុងម៉េង បានបើកឆ្លងកាត់ផ្លូវទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឲ្យដួលខ្ទាតបោក និងថ្នល់ ហើយត្រូវបានរថយន្ដសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ ខែ កុម្ភ:ឆ្នាំ២០១៦ នៅចំណុចលើកំណាត់ផ្លូវ ជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
អ្នកបើករថយន្តបង្កឈ្មោះ កៃ សាវឿន អាយុ៣២ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្ដដឹកមីឲ្យក្រុមហ៊ុនឡុងម៉េង ស្នាក់នៅ ខាងក្រោយទូតចិន សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញនិងជាអ្នកបើកបររថយន្ដម៉ាក ហៃយ៉ាន់ដាយពណ៍ស លាយខៀវជាប្រភេទរថយន្ដ១តោនកន្លះ ពាក់ស្លាកលេខភ្នំពេញ 3C-6575 ជារថយន្ដដឹកមី របស់ក្រុមហ៊ុនឡុងម៉េង។
សមត្ថកិច្ចប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះបើកម៉ូតូសង់ឌ្រីម ដឹកស្ត្រីម្នាក់ពីក្រោយ ក្នុងទិសដៅពីត្បូងទៅជើងខណៈបញ្ច្រាស់ទិសជាមួយរថយន្ដដឹកមី របស់ក្រុមហ៊ុនឡុងម៉េង មានគ្នា៣នាក់បើកឆ្លងផ្លូវពីរកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលចង្កូត ទៅបុកម៉ូតូសង់ឌ្រីមចំពីរមុខពេញទំហឹង បណ្ដាលឲ្យដួលប្លោងបោក និងថ្នល់រងបួស ស្ត្រីបែកចញ្ចើមខាងឆ្វេង ហូរឈាមចំណែកបុរសជាអ្នកបើកបរម៉ូតូ រងបួសបែកក្បាលជង្គុង ខាងស្ដាំរីឯម៉ូតូរងការខូចខាតបន្តិចបន្ទួច តែប៉ុណ្ណោះដោយឡែករថយន្ដបង្កររងការខូចខាតធ្លាក់កាង ខាងមុខរថយន្ដទាំងស្រុង ចំពោះអ្នកបើកបរនិងអ្នករួមដំណើរ ពុំមានរងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ បានមកអន្តរាគមន៍វាស់វែងដោយសម្រេចយកម៉ូតូរងគ្រោះ និងរថយន្ដបង្កខាងលើ ទៅរក្សាទុកនៅប៉ុស្ដិ៍ដើម្បីរងចាំធ្វើការសម្របសម្រួល ដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ៕