(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានបន្តប្រើវិធានការក្ដៅ ក្នុងការចុះលបឆ្មក់ឡោមព័ទ្ធបង្ក្រាបទីតាំងផ្ដល់ការជក់គ្រឿងញៀន ក៏ដូចជាទីតាំងបើកល្បែងហ្គេមបាញ់ត្រី១កន្លែង ដកហូតបានទូរហ្គេមបាញ់ត្រី ចំនួន២គ្រឿង និងអ្នកសេពគ្រឿងញៀនម្នាក់ ក្រោយពីបើកការស្រាវជ្រាវតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ។
ការបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រី ក៏ដូចជាទីតាំងផ្ដល់ការជក់គ្រឿងញៀន១កន្លែង ដកហូតបានទូរហ្គេមបាញ់ត្រី ចំនួន២គ្រឿង និងអ្នកសេពគ្រឿងញៀនម្នាក់ របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌនេះ គឺបានអនុវត្តឡើងស្ថិតនៅខាងមុខវត្តវៀតណាម ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាម៉ោងជាង១១ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។
បើតាមការបញ្ជាក់របស់លោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា ដែលជាអ្នកដឹកនាំកម្លាំងប្រតិបត្តិការផ្ទាល់ ដោយសហការជាមួយអាជ្ញាធរសង្កាត់ ក្នុងការចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រី ក៏ដូចជាទីតាំងផ្ដល់ការសេពគ្រឿងញៀន១កន្លែងនេះដែរ គឺបានបើកប្រតិបត្តិការឡើងក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោយពីទទួលបានសេចក្ដីរាយការពីប្រជាពលរដ្ឋ ដើម្បីឈានទៅលប់បំបាត់រាល់ល្បែងស៉ីសងគ្រប់ប្រភេទ ដើម្បីទប់ស្កាត់រាល់បទល្មើសចោរកម្មនានា ដូចជាអំពើលួច ឆក់ ប្លន់ សំដៅលើការអនុវត្តឲ្យមានប្រសិទ្ធភាព ចំពោះគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
យ៉ាងណាក៏ដោយ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការបង្ក្រាបទីតាំងផ្ដល់ការជក់គ្រឿងញៀន ក៏ដូចជាទីតាំងបើកល្បែងហ្គេមបាញ់ត្រី១កន្លែងនេះភ្លាមៗ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានសម្រេចបញ្ជូនរាល់សម្ភារពាក់ព័ន្ធបទល្មើមួយចំនួន និងទូរហ្គេមបាញ់ត្រី ចំនួន២គ្រឿង ទៅរក្សាទុកនៅរដ្ឋបាលខណ្ឌ ដើម្បីបន្តស៉ើបអង្កេត។
ដោយឡែក ជនសង្ស័យ និងជាអ្នកសេពគ្រឿងញៀន ដែលត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ឃាត់ខ្លួន នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបល្បែងហ្គេមបាញ់ត្រី១កន្លែងនេះ គឺត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តនិតិវិធី៕