(ភ្នំពេញ)៖ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកវិនិយោគ ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានរ៉ៃអង្គាសគ្នាបានថវិកា ១២,០០០ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
មន្ត្រីសាលាខេត្តរតនគិរីបានឱ្យដឹងថា បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសអំពីគម្រោងបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃនោះ ថ្នាក់ដឹកនាំខេត្តរតនគិរី ថ្នាក់ដឹកនាំក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមហ៊ុនវិនិយោគ អាជីវករ ពាណិជ្ជករ ប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់នៅក្នុងខេត្តរតនគិរី បានស្ម័គ្រចិត្តបរិច្ចាគថវិកា ជាមួយសម្តេចតេជោ តាមរយៈរដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកប្រកបដោយសមានចិត្ត ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
បន្ទាប់ពីការបង្ហាញផែនការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះដែរ មានចលនាមហាជនគាំទ្រសម្តេចតេជោ ហ៊ុន សែន យ៉ាងផុលផុស។ មហាជនមិនត្រឹមតែគាំទ្រផ្នែកទស្សនៈ និងគំនិតប៉ុណ្ណោះទេ តែក៏បានចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោផងដែរ។
ព្រះសង្ឃ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកឧកញ៉ា ឧកញ៉ា ពាណិជ្ជករ អាជីវករ កម្មករ សិស្សនិស្សិត និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានបរិច្ចាគថវិកាជូនទៅសម្តេចតេជោ។
ថវិកាទទួលបានពីសប្បុរសជនគិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ មានចំនួនជាង ៤៥លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគថវិកានេះ ជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ៕