(ភ្នំពេញ)៖ «សាយ» ដែលជាអ្នកផ្ដើមគំនិតរត់ ដើម្បីរ៉ៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប នាពេលកន្លងទៅ នៅពេលនេះបានផ្ដួចផ្ដើមគំនិតលេងហ្គេម រ៉ៃអង្គាសថវិកាថ្មីមួយទៀតហើយ ដើម្បីផ្ដល់ជូនរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយគិតថ្លៃ។
ការផ្ដើមគំនិតលេងហ្គេមនៅលើបណ្ដាញសង្គម Facebook លើកនេះក៏មិនខុសពីសកម្មភាពលើកមុននោះដែរ ពោលបង្ហាញពីការចូលរួមសាមគ្គី របស់ប្រជាពលរដ្ឋខ្មែរ នៅគ្រាដែលប្រទេស និងប្រជាជាតិខ្លួនកំពុងតែជួបនូវការប្រឈមជាមួយនឹងជំងឺកូវីដ-១៩។ ការប្រកាសលេងហ្គេមជាថ្មីរបស់ «សាយ» ក្រោយរាជរដ្ឋាភិបាល ប្រកាសត្រៀមកញ្ចប់ថវិកាទិញវ៉ាក់ប្រឆាំងជំងឺនេះផងដែរ។
តាមរយៈ Facebook ផ្លូវការ សាយ បានបញ្ជាក់យ៉ាងដូច្នេះថា «តោះលេងហ្គេម២ដុល្លារ ដើម្បីវ៉ាក់សាំងកូវីដ១៩ មួយលានដូសសម្រាប់កម្ពុជា #twodollarforcovid19vaccine #onemilliondoseforcambodia ក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ #RUNWITHSAI។ សូមរួមចំណែកដោយគ្រាន់តែ ធ្វើការបរិច្ចាគ២ដុល្លារ Screenshort transactions ព្រមទាំងភ្ជាប់ជាមួយនឹងរូបថត artwork គណនីធនាគារមួយនេះ រួច tag ទៅកាន់មិត្តភក្កិ១០នាក់បន្តទៀត ដើម្បីចូលរួមលេងហ្គេមនេះ។ ចូលរួមទាំងអស់គ្នា ដើម្បីយកឈ្នះជំងឺកូវីដ-១៩ ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជា»។
បន្ទាប់ពីការប្រកាសរបស់ លោក អួន បឋម ដែលគេស្គាល់ជាទូទៅថា «សាយ» និងជាម្ចាស់បទ «ងប់ងល់» គេឃើញមានសកម្មភាពយ៉ាងផុលផុសនៅលើបណ្ដាញសង្គម ដើម្បីចូលរួមបរិច្ចាគថវិកាម្នាក់២ដុល្លារ ជូនរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងនេះ។ សាយ ក៏បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមលេងហ្គេមនេះទាំងអស់គ្នាផងដែរ។
គួរជម្រាបថា នេះមិនមែនជាសកម្មភាពថ្មីនោះទេរបស់ «សាយ» ដែលមានគំនិតក្នុងការផ្ដួចផ្ដើមលេងហ្គេមដើម្បីជួយដល់សង្គមជាតិ។ កន្លងទៅកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីរត់ជុំវិញប្រទេស និងរៃអង្គាសមូលនិធិសម្រាប់ជួយដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងដែរ។
យើងឃើញថា ពាក់ព័ន្ធការចូលរួមថវិកាជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋត្រៀមថវិកាដើម្បីទិញនោះ មានថ្នាក់ដឹកនាំ មន្ដ្រីរាជការ អ្នករកស៉ី និងប្រជាពលរដ្ឋទូទៅជាច្រើន បានប្រកាសពីការចូលរួមថវិការបស់ខ្លួន ជាមួយរាជរដ្ឋាភិបាល។
រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ សរុបទាំងអស់ជាង៤៥លានដុល្លារអាមេរិក។
សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមបណ្តាញទាក់ទង និងធនាគាររួមមាន៖
ទី១៖ តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី
ទី២៖ ធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy
ទី៣៖ ធនាគារឯកទេសវីង ប្រាក់រៀលគណនីលេខ 9992, ប្រាក់ដុល្លារគណនីលេខ 9991
ទី៤៖ ធនាគារអេស៉ីលីដា ប្រាក់រៀលគណនី 00010556999989, ប្រាក់ដុល្លារគណនីលេខ 00010556999999
ទី៥៖ ធនាគារវឌ្ឍន : គណនីប្រាក់រៀលគឺ 050.01.66.099999.7, ប្រាក់ដុល្លារគឺ 050.02.66.009999.7
ទី៦៖ ធនាគារកាណាឌីយ៉ា គណនីប្រាក់រៀលគឺ 0010005261568, ប្រាក់ដុល្លារគឺ 0010005261557៕