(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។
ព្រះរាជសាររបស់ ព្រះករុណា ព្រះមហាក្សត្រ មានខ្លឹមសារថា៖ «ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ខ្ញុំមានហឫទ័យរីករាយយ៉ាងក្រៃលែង សូមអបអរសាទរ និងកោតសរសើរដ៏កក់ក្តៅជាទីបំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានខិតខំបំពេញភារកិច្ចមនុស្សធម៌ជូនប្រជាជាតិ និងប្រជារាស្ត្រដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។
ជាពិសេស ក្នុងខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសេចក្តីសប្បុរស បានចាត់មន្ត្រីនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជារាស្ត្រដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជសាររបស់ ព្រះករុណា ព្រះមហាក្សត្រ មានខ្លឹមសារបន្ដថា «ខ្ញុំសូមជូនពរបវរមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះ ជាព្រះរាជសារ របស់ ព្រះករុណា ព្រះមហាក្សត្រ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖