Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចខេត្តស្ទឹងត្រែង ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងដកហូតបានគ្រឿងញៀនជាច្រើនគ្រាប់

14-12-2020 10:41

(ស្ទឹងត្រែង)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន របស់ស្នងការនគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនខុសច្បាប់ មួយករណីដោយឃាត់ខ្លួនមេក្លោងម្នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១០៖១៨នាទី ស្ថិតនៅភូមិកោះល្ងរ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ឯក ផៃ រស្មី ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងរបស់លោកបង្ក្រាបបានមានឈ្មោះ រុំ គុណ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកវីរសេនីយ៍ឯក បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងរបស់លោកឃាត់ខ្លួនជនសង្ស័យបានឆែកឆេរឃើញវត្ថុតាងគ្រឿងញៀន ៣កញ្ចប់ជាប្រភេទមេតំហ្វេតាមីន WY គ្រាប់មានទម្ងន់៦០,៩៥ក្រាម។

លោកវរសេនីយ៍ឯក ផៃ រស្មី បានបន្ថែមថា ជនសង្ស័យរួមនឹងគ្រឿងញៀនត្រូវបាននគរបាលជំនាញកំពុងធ្វើការឃាត់ខ្លួន និងមកសាកសួរបន្ថែម ដើម្បីបន្តនីតិវិធី៕