(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ មហាចក្រី សិរិនថន (Maha Chakri Sirindhorn) នឹងយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា នា សប្តាហ៍ក្រោយនេះ តបតាមការយាងអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ព្រះរាជដំណើរ ទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៅកម្ពុជា នឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។
ក្រសួងការបរទេស បានដឹងដែរថា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រីយ៍ សិរិនថន នឹងយាងបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រខ្មែរ ព្រមទាំងយាងជួបសម្ដេចតេជោ ហ៊ុន សែន ផងដែរ។
ក្នុងឱកាសបំពេញព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នឹងយាងធ្វើជាព្រះរាជាធិបតី ជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងព្រះរាជពិធីបញ្ចុះបឋមសីលាសាងសង់ «វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ» នៅក្នុងខេត្តកំពង់ស្ពឺ។ ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ក៏នឹងយាង/អញ្ជើញ ធ្វើជាអធិបតី ក្នុងព្រះរាជពិធីប្រគល់អគារប្រើថាមពលពន្លឺព្រះអាទិត្យ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ក្នុងខេត្តកំពង់ធំ។
ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ក៏នឹងយាងចូលរួមក្នុងព្រះរាជពិធីសម្ភោធមណ្ឌលសុខភាព នៅខេត្តរតនគិរី និង ស្លាកឈ្មោះថ្មី នៃវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល ខេត្តកំពង់ធំ ហើយក៏នឹងយាងទត សាលាបឋមសិក្សាមួយចំនួន នៅតាមខេត្តនានាផងដែរ៕