(ភ្នំពេញ)៖ សៀវភៅមគ្គុទេ្ទសន៍ ដែលមានឈ្មោះថា «មុខរបរ ឬអាជីពនៅពេលអនាគត ក្នុងវិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM: Science, Technology, Engineering, Math) » ដែលរៀបរាប់អំពីកង្វះខាតមុខរបរ ឬអាជីពឈានមុខចំនួន២០ លើផ្នែក STEM នៅកម្ពុជានៅក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត នឹងត្រូវដាក់សម្ពោធជាផ្លូវការនៅរសៀលថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកម្សាន្ត Kids City។
ពិធីសម្ពោធសៀវភៅនេះ នឹងមានការអញ្ជើញចូលរួមពីបេសកជនពិសេសទទួលបន្ទុកពាណិជ្ជកម្ម របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Lord Puttnam, មន្ត្រីក្រសួងអប់រំយុវជន និង កីឡា, លោក Amaury de Saint Blanquat អ្នកគ្រប់គ្រងនៅ St. Blanquat & A. ដែលជាអ្នកផលិតសៀវភៅមគ្គុទ្ទេសន៍នេះ ព្រមទាំងតំណាងអង្គទូត និង អង្គការសង្គមស៊ីវិលផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ បានឲ្យដឹងថា សៀវភៅមគ្គុទ្ទេសន៍នេះ រៀបរាប់អំពីកង្វះខាតមុខរបរ ឬអាជីពឈានមុខចំនួន ២០ លើផ្នែក STEM នៅកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ សៀវភៅ ត្រូវបានរៀបរាងប្រកបដោយភាពទាក់ទាញ ដោយមានបញ្ចូលព័ត៌មានទាក់ទងការអប់រំ និងការបណ្តុះបណ្តាល ដែលនិស្សិតអាចសិក្សាបាន និង កម្រិតប្រាក់ខែ ដែលពួកគេអាចរំពឹងទទួលបានផងដែរ។
ប្រភពបន្តថា សៀវភៅមគ្គុទ្ទេសន៍ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ហាញយុវជនកម្ពុជា អំពីឱកាស ការងារសំខាន់ៗ និង ថ្មីៗក្នុងវិស័យ STEM ដែលពួកគេប្រហែលជាមិនធ្លាប់ឮ ក៏ដូចជាលើកទឹកចិត្តឱ្យពួកគេចាប់យកមុខវិជ្ជា STEM នៅថ្ងៃអនាគត។ សៀវភៅនេះ ក៏រួមបញ្ចូលការសិក្សាទៅលើអ្នកជោគជ័យលើផ្នែក STEM នៅកម្ពុជា ដែលបានចែករំលែកចំណេះដឹងពាក់ព័ន្ធតម្រូវការសម្រាប់ការងារ ដែលអាចរកបានក្នុងផ្នែក STEM នេះ។
សៀវភៅមគ្គុទេ្ទសន៍ ដែលមានឈ្មោះថា «មុខរបរ ឬអាជីពនៅពេលអនាគត ក្នុងវិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិត វិទ្យា» គឺជាផលិតផល នៃការសិក្សាស្រាវជ្រាវទូលំទូលាយរបស់ក្រុមហ៊ុន Saint Blanquat & A ក្រោមជំនួយឧបត្ថម្ភថវិការបស់ស្ថានទូតអង់គ្លេស។ ការសិក្សាស្រាវជ្រានេះរាប់បញ្ចូល ការពិភាក្សាជាមួយនឹងអ្នកជំនាញឧស្សាហកម្ម ការស្ទង់មតិ និង ការធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយស្ថាប័នសរុបជាង ៣០០ នៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប បាត់ដំបង និង ខេត្តព្រះសីហនុ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានថ្លែងថា៖ «ការជ្រើសរើសអាជីពដ៏ត្រឹមត្រូវ មានន័យថា ទទួលបានការសិក្សាត្រឹមត្រូវ ប៉ុន្តែព័ត៌មាននៅខ្វះនៅឡើយនៅក្នុងរង្វង់ការអប់រំនៅកម្ពុជា។ ដោយសហការណ៍ជាមួយស្ថានទូតអង់គ្លេស យើងព្យាយាមលុបបំបាត់ចន្លោះប្រហោងផ្នែកព័ត៌មាននេះ ហើយសៀវភៅនេះ នឹងក្លាយជាមគ្គុទេសន៍មួយសម្រាប់សិស្ស និស្សិត ស្វែងយល់ប្រសើរជាមុន ទាក់ទងនឹងជម្រើសនៃការសិក្សា និងអាជីពការងាររបស់ខ្លួន»។
លោករដ្ឋបានថ្លែងបន្តថា «សៀវភៅនេះ ក៏នឹងផ្តល់ឲ្យអាណាព្យាបាលនូវការយល់កាន់តែច្បាស់ ពីអ្វីដែលកូនៗរបស់ខ្លួន ចង់សិក្សា និងធ្វើឲ្យពួកគាត់គាំទ្រនូវជម្រើសរបស់កូនៗពួកគេ។ សៀវភៅនេះ ផ្តល់ព័ត៌មានសំខាន់ៗ ដល់សិស្ស និស្សិត ទាក់ទងនឹងមុខតំណែងនីមួយៗ ទីកន្លែង និងអ្វីដែលត្រូវសិក្សាសម្រាប់ការងារនីមួយៗ ចំនួនប្រាក់ខែដែលរំពឹងទុក និងផ្តល់ឲ្យនូវការយល់ដឹងភ្លាមៗ ទៅលើមុខដំណែងនីមួយៗ ពីអ្នកជំនាញខែ្មរដែលទទួលបានជោគជ័យ»។
ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក Bill Longhurst ថ្លែងថា «ពលរដ្ឋវ័យក្មេងជាច្រើនមិនបានជ្រើសរើសអាជីពលើវិស័យ STEM ពីព្រោះពួកគេគិតថា មុខវិជ្ជាទាំងនេះ មានការលំបាកខ្លាំង មិនទទួលបានការគោរព ឬពួកគេជឿថា មិនអាចទទួលបានប្រាក់ខែខ្ពស់។ ប៉ុន្តែកម្ពុជាត្រូវការបន្ថែមនូវចំនួន វិស្វករ វេជ្ជបណ្ឌិត អ្នកបង្កើតបណ្តាញ និង អ្នកស្ថិតិច្រើននាក់ទៀត ដើម្បីការអភិវឌ្ឍន៍ប្រទេស»។ «យើងជឿជាក់ថា សៀវភៅនេះពិតជាមានតម្លៃណាស់ចំពោះពលរដ្ឋកម្ពុជា ព្រោះអាចជួយឲ្យពួកគេយល់ដឹងពីឱកាសដែលមាន ទាំងក្នុងនិងក្រៅប្រទេសកម្ពុជា តាមរយៈអាជីពការងារ STEM នេះ ។ វាគឺជាសៀវភៅមគ្គុទ្ទេសន៍លើកដំបូង ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ហើយនឹងជួយឲ្យពួកគេម្នាក់ៗ អាចរកឃើញនូវឱកាសពិតប្រាកដសម្រាប់ជំនាញ STEM ដែលមាននៅក្នុងប្រទេសកម្ពុជា។ យើងសង្ឃឹមថា សៀវភៅនេះ នឹងផ្តល់ការបំផុសគំនិត និងព័ត៌មានចំាបាច់ ដើម្បីលើកទឹកចិត្តឲ្យពួកគេ ពិ ចារណាអាជីពមួយលើវិស័យ STEM នេះ»៕