(សៀមរាប)៖ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានសហកាជាមួយមន្ទីរវប្បធម៌ស្រុក រដ្ឋបាលស្រុក អាជ្ញាធរភូមិ ឃុំ ដោយមានការចូលរួមពីប្រជាការពារភូមិ និងប្រជាជនមួយចំនួន បានបន្តការងារបោះបង្គោលព្រំការពារបុរាណដ្ឋាននៅក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានចំនួន ៨ ទីតាំងហើយ។
ការងារនេះបានធ្វើឡើងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ បុរាណដ្ឋានទាំង ៨ ទីតាំងនោះមានដូចជាប្រាសាទអូរប្រាសាទ ប្រាសាទរលំដូនមោង ប្រាសាទត្រពាំងឈូក គោកពពូល ត្រពាំងបេង ត្រពាំងចង្ហុកក្រាំង ត្រពាំងរលំវែង និងត្រពាំងគុម្ពភ្នៀង។
ការបោះបង្គោលព្រំការពារបុរាណដ្ឋាន គឺដើម្បីជាប្រយោជន៍ក្នុងការកំណត់ព្រំដីដែលមានបុរាណដ្ឋានត្រូវការពារបានត្រឹមត្រូវ ការពារការកាន់កាប់ដោយខុសច្បាប់ពីឈ្មួញទិញលក់ដីធ្លី និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋដឹងកុំឱ្យពួកគាត់វាទទីដីធ្វើកសិកម្ម ឬរស់នៅលើប្រាសាទ ស្រះទឹក និងរចនាសម្ពន្ធសំណង់បុរាណផ្សេងៗដោយពុំដឹង ព្រោះពួកគាត់ក៏មានបំណងចង់ការពារឱ្យបុរាណដ្ឋានទាំងនោះឱ្យល្អប្រសើរដែរ៕