(ភ្នំពេញ)៖ យោងតាមការជូនដំណឹងរបស់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឲ្យដឹងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះថា លទ្ធផលធ្វើតេស្តលើកទី៣ របស់លោកបន្តបង្ហាញថា «អវិជ្ជមាន»។
លោករដ្ឋមន្រ្តី កើត រិទ្ធ បានជូនដំណឹងថា៖ «ខ្ញុំសូមជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាមន្រ្តីតុលាការ និងមន្រ្តីរាជការក្នុងវិស័យយុត្តិធម៌ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាជ្រាបថា៖ យោងតាមព័ត៌មានដែលខ្ញុំបានទទួលពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើកទី៣ របស់ខ្ញុំនៅថ្ងៃទី១២ ខែធ្នូ គឺ អវិជ្ជមានជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល ខ្ញុំ ក៏ដូចជាសហការីផ្សេងទៀតដែលទទួលលទ្ធផលធ្វើតេស្តអវិជ្ជមានកូវីដ-១៩ លើកទី៣ នេះ នឹងចូលធ្វើការជាធម្មតាឡើងវិញ នៅក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃច័ន្ទ ទី១៤ ខែធ្នូ តទៅ ដោយបន្តប្រកាន់ខ្ជាប់អនុវត្តវិធានផ្នែកសុវត្ថិភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រឆាំងនឹងជំងឺកូវីដ-១៩។
ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវមូលវិចារដ៏ថ្លៃថ្លា និងការអរគុណដ៏ជ្រាលជ្រៅជូនចំពោះសហការីទាំងអស់ ព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយ ដែលបានសម្តែងក្តីបារម្ភចំពោះសុខភាពរបស់ខ្ញុំ , បានសួរសុខទុក្ខ ក៏ដូចជាផ្ញើសារជូនពរដល់ខ្ញុំ ក្នុងរយៈពេលដែលខ្ញុំធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃទី ២៩ ខែវិច្ឆិកា កន្លងមក។
សូមជូនពរសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា! សូមអរគុណ!