(ព្យុងយ៉ាង)៖ មេដឹកនាំវ័យក្មេងកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថា នឹងបាញ់បង្ហោះផ្កាយរណបបន្ថែមទៀតទៅកាន់លំហ អាកាសបើទោះបីជាសហគមន៍អន្តរជាតិ បានរៀបចំដាក់ដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើកូរ៉េខាងជើង ពាក់ព័ន្ធករណីបាញ់បង្ហោះ គ្រាប់រ៉ូកែតរយៈចម្ងាយឆ្ងាយ ដែលភ្ជាប់ដោយផ្កាយរណបកាលពីសប្ដាហ៍មុន នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ។
ទីភ្នាក់ងារមជ្ឈិមកូរ៉េ បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ កូរ៉េខាងជើង បានជោគជ័យក្នុងការបាញ់បង្ហោះ គ្រាប់រ៉ូកែតរយៈចម្ងាយឆ្ងាយទៅកាន់លំហអាកាស ដោយក្នុងនោះ លោក គីម ជុងអ៊ុន បានអបអរសាទរ និងរៀបចំពិធីជប់លៀងដល់ក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមបច្ចេកទេស។
ក្រោយពេលកូរ៉េខាងជើងបាញ់បង្ហោះគ្រាប់រ៉ូកែតរយៈចម្ងាយឆ្ងាយ សហគមន៍អន្តរជាតិបានធ្វើការថ្ដោលទោស ព្រោះបានរំលោភច្បាប់របស់អង្កការសហប្រជាជាតិ (UN)៕