(ភ្នំពេញ)៖ លទ្ធផលចុងក្រោយនៃការធ្វើតេស្តរកមេរោគកូវីដ១៩ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារសម្តេច និងអ្នកពាក់ព័ន្ធចំនួន២០១នាក់ទៀត គឺអវិជ្ជមាន។ នេះបើយោងតាម Facebook របស់សម្តេចក្រឡាហោម ផ្សាយនៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។
សម្តេចក្រឡាហោម ស ខេង បានសរសេរបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ថាខ្ញុំ ភរិយា ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅផ្ទះរបស់ខ្ញុំ ចំនួន២០១សំណាក ត្រូវបានក្រសួងសុខាភិបាលផ្ដល់ការបញ្ជាក់មកថាទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ»។
តបនឹងដំណឹងដ៏ល្អនេះ ក្នុងនាមភរិយា ក្រុមគ្រួសារ អ្នកពាក់ព័ន្ធទាំងអស់ និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលខិតខំយកចិត្តទុកដាក់បំពេញការងារយកសំណាក និងតាមដានសុខភាពរបស់សម្តេច និងអ្នកពាក់ព័ន្ធទាំងអស់គ្នា តាំងពីដំណាក់កាលដំបូងរហូតដល់បញ្ចប់ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក។
សម្ដេចក្រឡាហោម ក៏បានអរគុណ និងកោតសរសើរខ្ពស់ចំពោះស្មារតីសហការខ្ពស់របស់បងប្អូនជនរួមជាតិទាំងមូល ក្នុងនោះរាប់ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកាទាំងអស់ ដែលបានស្ម័គ្រចិត្តធ្វើតេស្ត និងធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ញើសារជូនពរ និងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់សម្តេច និងភរិយា ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កកន្លងមកនេះ។
សម្ដេចក្រឡាហោម ថែមទាំងអំពាវនាវបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តអនុវត្តវិធានការប្រឆាំងមេរោគកូវីដ១៩របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការធ្វើតេស្តក្នុងករណីសង្ស័យ, ការដាក់ខ្លួននៅដាច់ដោយឡែក, ការពាក់ម៉ាស់ ឬប្រើក្រម៉ាពេលក្អក ឬកណ្ដាស់, លាងដៃ បាញ់អាកុលសម្លាប់មេរោគ, ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការប្រមូលផ្ដុំ ដោយសារព្រឹត្តិកាណ៍២៨វិច្ឆិកាមិនទាន់បានបញ្ចប់នៅឡេីយ។
សម្តេចក៏សូមជូនពរជនរួមជាតិទាំងអស់ ជួបតែសេចក្ដីសុខគ្រប់ប្រការ និងចៀសផុតពីជំងឺកូវីដ១៩ ៕