(ភ្នំពេញ)៖ ម៉ូតូម៉ាក Beat ឆ្នាំ២០១៩ ពណ៌ខៀវ លាយសពាក់ស្លាកលេខ 1IG-4514 (ឈ្មោះកាតគ្រី Chea Sohean) របស់ លោក វណ្ណ សុគន្ធា អ្នកសារព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ត្រូវបានចោរលួចយកទៅបាត់ ដោយសុវត្ថិភាព នៅព្រលប់ថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ស្របពេលដែលជំងឺកូវីដ១៩ វាយប្រហារបណ្តាលឲ្យប៉ះពាល់សេដ្ឋកិច្ចទូទៅរបស់ប្រជាពលរដ្ឋ។
ហេតុការណ៍នេះ បានកើតឡើងនៅនៅវេលាម៉ោង ៧៖០៧នាទីនាព្រលប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខហាងលក់បាញ់ឆែវ និងបាយឆា «មីឆាខ្ទះខ្ញុំ» ផ្ទះលេខB1 E0 ផ្លូវលេខ២៤ BTZ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមបុគ្គលិកនៅហាង លក់បាញ់ឆែវ និងមីឆា «ខ្ទះខ្ញុំ» ម៉ូតូនេះ ត្រូវបានចោរលួចពេលកំពុងទុកនៅជាប់ទ្វារចូលហាងតែម្តង ខណៈបុគ្គលិកកំពុងអង្គុយនៅក្នុងហាង។ បុគ្គលិកក៏បានរត់ប្រផាត់ប្រភីងតាមចោរតែមិនទាន់ ទើបចោរនេះជិះទៅបាត់ដោយសុវត្ថិភាព។ បុគ្គលិកក្នុងហាង បានអះអាងទៀតថា ចោរប្រុសមានរាងស្គម ហើយពាក់អាវក្រហមពេលមកលួចម៉ូតូម៉ាក Beat ឆ្នាំ២០១៩នេះ។
លោក វណ្ណ សុគន្ធា អ្នកសារព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ បានសម្តែងការហួសចិត្តដែលចោរលួចម៉ូតូបានលឿន ដោយសុវត្ថិភាពបែបនេះ។ លោក វណ្ណ សុគន្ធា ទើបតែមកពីធ្វើតេស្តរកជំងឺកូវីដ១៩ នៅកីឡដ្ឋានអូឡាំពិក តែបែរមកជួបរឿងអកុសលចោរលួចមកម៉ូតូបែបនេះ។
លោកបានលើកឡើងថា លោកនឹងមិនមានអ្វីសម្រាប់ជិះទៅធ្វើការ និងយកព័ត៌មានទៀត ព្រោះម៉ូតូនេះ គឺជាយានជំនិះដ៏សំខាន់ក្នុងការធ្វើការងាររបស់លោក។ លោក វណ្ណ សុគន្ធា បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយស្វែករកចោរ និងយកម៉ូតូមកប្រគល់ជូនលោកវិញ ព្រោះវាមានសារៈសំខាន់ខ្លាំងសម្រាប់ការងារធ្វើការងារប្រចាំថ្ងៃបស់លោក។
ជុំវិញករណីនេះ អធិការន គរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រោយទទួលបានព័ត៌មានភ្លាម លោកបានទាក់ទងទៅជនរងគ្រោះ ដើម្បីសួរនាំ ជួយអន្តរាគមន៍ និងស្រាវជ្រាវបន្តទៀត៕