(ភ្នំពេញ)៖ ក្នុងលិខិតចំហរមួយក្រោមប្រធានបទ «សិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យ» ដែលបណ្តាញព័ត៌មាន Fresh News លោក ឈាង វុន ប្រធានគណៈកម្មការឃោសនា និងកិច្ចការបរទេស នៃរដ្ឋសភា បានរិះគន់ថា អង្គការសង្គមស៊ីវិល ក៏មិនមែនជាតួអង្គ ដើរតួនាទីជំនួសរាជរដ្ឋាភិបាល ដែលជាអ្នកទទួលខុសត្រូវពិតប្រាកដចំពោះជាតិ និងប្រជាជន នោះទេ។
លោក ឈាង វុន បានសរសេរថា៖ កាលពីពេលថ្មីៗនេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច បានប្រើឈ្មោះអង្គការសហប្រជាជាតិ មកធ្វើជាបង្អែក ហើយតាំងខ្លួនជាអ្នកការពារ និងលើកតម្កើងសិទ្ធិមនុស្ស បានធ្វើការបញ្ចេញមតិរិះគន់មក លើរាជរដ្ឋាភិបាលកម្ពុជាថា គ្មានឆន្ទៈក្នុងការគោរពសិទ្ធិមនុស្ស និងធ្វើឱ្យសិទ្ធិមនុស្សនៅកម្ពុជាគ្មានភាព ប្រសើរឡើង ព្រមទាំងមិនគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ក្រុមអង្គការសង្គមស៊ីវិលមួយក្តាប់តូច ទាំងនោះ ក៏បានបញ្ចេញយោបល់បែបរអៀសខ្លួន ថា សេចក្ដីព្រាងច្បាប់មួយចំនួនដែលរាជរដ្ឋាភិបាលកំពុង រៀបចំឡើង គឺជាការបំបិទសិទ្ធិប្រជាពលរដ្ឋ និងយាយីដល់ការងាររបស់សង្គមស៊ីវិល។ ពួកគេក៏បានរិះគន់ ការដកទិវាសិទ្ធិមនុស្ស១០ធ្នូ ចេញពីប្រតិទិនថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ថាជាការមិនបង្ហាញនូវការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស និងការផ្សះផ្សាជាតិ ហើយថែមទាំងបានចាត់ទុកទិវា៧មករា និងទិវា ២០ឧសភា ជាទិវាដែលមានលក្ខណៈចម្រូងចម្រាស់ និងមិនតំណាងឱ្យស្មារតីជាតិ។
ផ្អែកតាមប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជា នារយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ បង្ហាញថា ចាប់ពីទសត្សរ៍៨០ មកដល់ដើមទសវត្សរ៍៥០ និងរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ អង្គការសហប្រជាជាតិក៏មិនបានគោរពសិទ្ធិមនុស្សល្អឥតខ្ចោះនោះដែរ ។ ជាក់ស្តែង មុនពេលមានកិច្ចព្រម ព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ អង្គការសហប្រជាជាតិបានគាំទ្ររបបខ្មែរក្រហមប្រល័យពូជសាសន៍ (ត្រីភាគី ) ដែលជារបបកាប់សម្លាប់ជីវិតមនុស្ស ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ឈាង វុន។
លោកបានបន្តថា នេះគឺជាតថភាពប្រវត្តិសាស្ត្រ គ្មានអ្នកណាអាចបិទបាំង បានឡើយ ហើយស្តែងឱ្យឃើញយ៉ាងច្បាស់ថា ការកាប់សម្លាប់ជីវិតមនុស្សជាង ១លាននាក់ មិនត្រូវបាន ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ រួមទាំងអង្គការសហប្រជាជាតិផងដែរ ខ្វល់ខ្វាយនោះទេ ប៉ុន្តែបែរជាមក កំណត់បញ្ជាឱ្យរាជរដ្ឋាភិបាលធ្វើតាមតម្រូវចិត្តខ្លួន ដោយទាមទារឱ្យការពារសិទ្ធិមនុស្សសម្រាប់បុគ្គលម្នាក់ ឬពីរនាក់ដែលបំពានច្បាប់ ហើយបែរជារិះគន់ ខឹងចោទប្រកាន់រាជរដ្ឋាភិបាល ដែលជាអ្នកបានជួយសង្គ្រោះ និងការពារជីវិតមនុស្ស ថាមិនបានគោរពសិទ្ធិមនុស្សទៅវិញ។ ក្រោមហេតុផលនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិលមួយក្តាប់តូចបាន យកអង្គការសហប្រជាជាតិមកគ្របដណ្ដប់លើតួនាទីរបស់រាជរដ្ឋាភិបាល។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានភ្លេច គុណអង្គការសហប្រជាជាតិនោះទេ ហើយក៏មិនការពារសិទ្ធិមនុស្សសម្រាប់តែបុគ្គលម្នាក់ ឬពីរនាក់នោះដែរ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលតែងទទួលស្គាល់ និងគោរពតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយការពារសិទ្ធិមនុស្ស គ្រប់ៗរូប ព្រមទាំងយកចិត្តទុកដាក់លើសិទ្ធិសេរីភាព ដោយពុំមានការបែងចែកឡើយ។ ទោះបីយ៉ាងណា គ្មានប្រទេសណាមួយលើសកលលោកអនុវត្តគោលការណ៍សិទ្ធិមនុស្សបាន ១០០% នោះទេ ប៉ុន្តែអ្វីដែល សំខាន់ គឺត្រូវខិតខំធ្វើយ៉ាងណាកុំឱ្យមានការរំលោភបំពានធ្ងន់ធ្ងរ និងមិនត្រូវធ្វើឱ្យសិទ្ធិរបស់បុគ្គលម្នាក់ ឬ ក្រុមតូចមួយ ប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ និងសណ្ដាប់ថ្នាប់សង្គមនោះឡើយ។
លោកបញ្ជាក់ទៀតថា៖ ទន្ទឹមនេះ ផ្អែកលើ គោលការណ៍គោរពសិទ្ធិមនុស្ស ឬសិទ្ធិបញ្ចេញមតិ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបំប៉ោងព័ត៌មាននាំឱ្យច្របូកច្របល់ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ឬប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ក៏មិនមែនជាសិទ្ធិនៃការ បញ្ចេញមតិ ដែលទទួលស្គាល់ដោយច្បាប់នោះដែរ។ ម្យ៉ាងវិញទៀត អង្គការសង្គមស៊ីវិល ក៏មិនមែនជាតួអង្គ ដើរតួនាទីជំនួសរាជរដ្ឋាភិបាល ដែលជាអ្នកទទួលខុសត្រូវពិតប្រាកដចំពោះជាតិ និងប្រជាជន នោះទេ៕
ខាងក្រោមនេះជាលិខិតចំហររបស់ លោក ឈាង វុន៖