(ភ្នំពេញ)៖ ទីតាំងចំនួន៥ ក្នុងចំណោម១៨ទីតាំង ដែលត្រូវបានធ្វើតេស្តលើកទី៣ ដើម្បីរកមេរោគកូវីដ១៩ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងនោះមានផ្ទះសម្តេច ហេង សំរិន និងផ្ទះសម្តេច ស ខេង គឺលទ្ធផលបង្ហាញថា បានបន្តអវិជ្ជមានកូវីដ១៩ ខណៈដែលទីតាំងដែលនៅសេសសល់ មិនទាន់ចេញលទ្ធផលទាំងអស់នៅឡើយទេ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃសៅរ៍នេះ។

លោកស្រី បានបញ្ជាក់ថា ទីតាំង៥កន្លែង ដែលចេញលទ្ធផលមុនគេបង្ហាញថាអវិជ្ជមាននេះ រួមមាន៖
១៖ ផ្ទះសម្តេច ហេង សំរិន សរុប ៤១សំណាក
២៖ ផ្ទះ សម្តេចក្រទ្បាហោម ស ខេង សរុប ២០១ សំណាក
៣៖ រដ្ឋសភា សរុប ១២៥សំណាក
៤៖ ក្រុមការងារ លោក ហ៊ុន មានី សរុប ៩សំណាក
៥៖ ក្រុមពីទ្បុត និងបច្ចេកទេស និងអង្គរក្ស សម្ដេចតេជោសរុប ៤២សំណាក

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានយកសំណាកលើកទី៣ ដើម្បីទៅធ្វើតេស្តទៅលើអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួនសរុបចំនួន១៨ ក្នុងនោះនៅរាជធានីភ្នំពេញ មាន ១០ទីតាំង និងនៅតាមខេត្តចំនួន៨។

កម្ពុជាបានចាប់ផ្តើមឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ លើកដំបូងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ លើភរិយារបស់ លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ។

តត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៧នាក់ ក្នុងនោះអ្នកជំងឺ៣០៧នាក់ព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៥០នាក់៕