(ភ្នំពេញ)៖ បន្ទាប់ពីបានរៀបចំពិធីសូត្រមន្តសុំសេចក្តីសុខសេចក្តីចម្រើនតាមបែបប្រពៃណីព្រះពុទ្ធសាសនាខ្មែរកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០រួចរាល់ហើយនោះ នៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០២០នេះ លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិវ័យក្មេងរបស់ Fresh News បានដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិករបស់ខ្លួន រៀបចំពិធីសម្ពោធអគារការិយាល័យថ្មីរបស់ខ្លួន។
ដោយសារតែកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ១៩ក្នុងសហគមន៍ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩នេះ ការរៀបចំពិធីសម្ពោធអគារការិយាល័យថ្មី របស់ Fresh News មិនបានរៀបចំឱ្យអធិកអធម ឬអញ្ជើញភ្ញៀវកិត្តិយសនោះឡើយ។ ពិធីសម្ពោធត្រូវបានធ្វើឡើងត្រឹមក្នុងរង្វង់បុគ្គលិកដែលបម្រើការងារនៅការិយាល័យកណ្តាលតែប៉ុណ្ណោះ។
កម្មវិធីបានប្រព្រឹត្តទៅដោយមានការកាត់ខ្សែបូរពីសំណាក់លោក លឹម ជាវុត្ថា ព្រមទាំងថ្នាក់ដឹកនាំអង្គភាព។ បន្ទាប់ពីនោះមានការស្រស់ស្រូបអាហារជុំគ្នាជាមួយបុគ្គលិក ដើម្បីអបអរសាទរវត្តមានអគារបម្រើការងារថ្មីរបស់ខ្លួន ដោយមានការយកចិត្តទុកដាក់ទៅលើវិធានក្រសួងសុខាភិបាលបង្ការការចម្លងជំងឺកូវីដ១៩ផងដែរ។
អគារការិយាល័យថ្មីដែលជាអគារលើកដំបូងក្រោយអង្គភាពព័ត៌មាន Fresh News បដិសន្ធិឡើងជិត៦ឆ្នាំនេះ មានកម្ពស់៤ជាន់ ចែកចេញជាច្រើនបន្ទប់សម្រាប់ផលិតព័ត៌មានវីដេអូ, បន្ទប់ថតកម្មវិធីកំសាន្ត, កន្លែងផលិតព័ត៌មាន, បន្ទប់ផ្ទុកទិន្នន័យ (Data Center), បន្ទប់ប្រជុំ, កន្លែងអានសៀវភៅ, កន្លែងហាត់ប្រាណ, កន្លែងពិសារកាហ្វេ, អាហារដ្ឋាន និងមានកន្លែងសម្រាប់រៀបចំពិធីជប់លៀងផងដែរ។
ផ្តើមចេញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងអារម្មណ៍របស់បុគ្គលិកនោះ លោក លឹម ជាវុត្ថា និងលោក គឹម ម៉េង ជាសហស្ថាបនិក បានផ្ទិតផ្ចង់ជាខ្លាំងលើការរចនាអគារទាំងផ្ទៃខាងក្នុង និងខាងក្រៅឱ្យមានសោភ័ណភាព និងការទាក់ទាញ។ បរិវេណអគារត្រូវបានរៀបចំដោយរំលេចដោយរុក្ខជាតិមួយចំនួន ហើយក៏មានកន្លែងសម្រាប់បុគ្គលិកលំហែអារម្មណ៍ផងដែរ ដើម្បីកាត់បន្ថយភាពតានតឹងជាមួយការងារ។
ពេលចូលបម្រើការងារនៅក្នុងការិយាល័យថ្មីពោរពេញដោយភាពទាក់ទាញនេះ បុគ្គលិកដែលធ្លាប់តែនៅក្នុងអគារជួលធ្វើការមានបន្ទប់តូចនោះ ពួកគេសុទ្ធតែបានបង្ហាញទឹកចិត្តរីករាយ និងពេញចិត្តចំពោះកន្លែងធ្វើការងារថ្មីរបស់ពួកគេ។
ការចង់បាន និងចង់ឃើញវត្តមានអគារផ្ទាល់ខ្លួនឈរបង្ហាញរូបរាងឡើង ជាក្តីប្រាថ្នាដ៏ជ្រាលជ្រៅបំផុតរបស់សហស្ថាបនិក លោក លឹម ជាវុត្ថា និងលោក គឹម ម៉េង ព្រមទាំងសេនាធិការជាក្បាលម៉ាស៊ីន និងបុគ្គលិកទាំងអស់ដែលកំពុងបម្រើការងារក្រោមម្លប់អង្គភាព។ សហស្ថាបនិក ក្បាលម៉ាស៊ីនដឹកនាំ និងបុគ្គលិកទាំងអស់ សុទ្ធតែបានរំលេចស្នាមញញឹមដ៏ពព្រាយលើផ្ទៃមុខ ជាការបង្ហាញឱ្យឃើញនូវក្តីរីករាយផុសចេញពីក្រអៅបេះដូងចំពោះសមិទ្ធថ្មី ដែលជាក្តីប្រាថ្នាដ៏ធំរបស់ពួកគេនេះ។
ស្ថាបនិក និងជានាយកប្រតិបត្តិវ័យក្មេងរូបនេះ បានថ្លែងទៅកាន់បុគ្គលិកថា វត្តមានអគាររបស់អង្គភាពព័ត៌មាន Fresh News គឺជាសមិទ្ធផលថ្មីដ៏ធំធេងសម្រាប់អង្គភាពកើតចេញពីការខិតខំប្រឹងប្រែង យ៉ាងស្វិតស្វាញ និងស្វាហាប់បំផុតរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប ជាមួយការឆ្លងកាត់នូវការលំបាក និងឧបសគ្គរាប់មិនអស់។
នាយកប្រតិបត្តិពោរពេញដោយភាពជាអ្នកដឹកនាំរូបនេះបានគូសរំលេចថា «ពីថ្ងៃនេះទៅពួកយើងមានទ្រនំមួយដ៏កក់ក្តៅដែលជាទ្រព្យសម្បត្តិរបស់ពួកយើងទាំងអស់គ្នា។ អគារនេះកើតចេញពីការប្រឹងប្រែងតស៊ូដ៏ស្វិតស្វាញរបស់ពួកយើង។ យើងនឹងបន្តដើរជាមួយគ្នា ឆ្ពោះទៅមុខជាមួយគ្នា និងជោគជ័យទាំងអស់គ្នា។ ខ្ញុំមិនអាចមានថ្ងៃនេះ ប្រសិនបើមិនមានការចូលរួមពីបងប្អូនទាំងអស់គ្នា»។
លោក លឹម ជាវុត្ថា ក៏បានបង្ហាញក្តីរំពឹង និងជឿជាក់ដែរថា ក្រោមស្មារតីរួបរួម និងស្រឡាញ់ចំពោះការងាររបស់បុគ្គលិកគ្រប់រូប នឹងធ្វើឱ្យគ្រួសារ Fresh News រីកធំធាត់ និងឈរកាន់តែរឹងមាំលើសមរភូមិសតិអារម្មណ៍។
លោក លឹម ជាវុត្ថា ក៏បានឆ្លៀតយកឱកាសសម្ពោធអគារការិយាល័យថ្មីរបស់ខ្លួន គោរពថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន អាជីវកម្មទាំងអស់ ដែលចូលរួមសហការ ឧបត្ថម្ភការផ្សាយគ្រប់បណ្តាញ ផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Fresh News។ លោកបានលើកឡើងថា ការឧបត្ថម្ភ និងសហការផ្សព្វផ្សាយរបស់ម្ចាស់ក្រុមហ៊ុន និងអាជីវកម្មទាំងអស់នេះ ជាបង្អែកដ៏រឹងមាំសម្រាប់ដំណើរការ និងការបោះជំហានរបស់ Fresh News៕