(ភ្នំពេញ)៖ ដើមឈើធំៗ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជតេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ នៅតែបន្តរងការកាប់បំផ្លាញ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ឈើធំៗក្នុងឧទ្យានប្រមាណ ៣០០ដើម ត្រូវបានគេកាប់បំផ្លាញ។ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបង្ហាញការអស់កម្លាំងចំពោះកិច្ចខិតខំការពារព្រៃឈើក្នុងឧទ្យាន ព្រោះកិច្ចការពារមិនឈ្នះក្រុមកាប់បំផ្លាញ។
លោកបណ្ឌិត សុខ ទូច បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា «ខ្ញុំពិតជាអស់កម្លាំងខ្លាំងណាស់ ក្រោយពីបានដើរល្បាតនៅជ្រុងម្ខាងនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានជនល្មើសកាប់បំផ្លាញព្រៃឈើអស់ ៣០០ដើម ដែលអ្នកកាប់បំផ្លាញនេះបានដឹងថាខ្ញុំមិនបានធ្វើការល្បាតរយៈពេលប្រមាណជិត១ខែ ដោយសារមានធុរៈមមាញឹកខ្លាំង»។
បើតាមលោកបណ្ឌិត សុខ ទូច នៅពេលថ្មីៗនេះ មានប្រជាពលរដ្ឋ ៣១គ្រួសារ ទៅតាំងទីលំនៅក្នុងឧទ្យានដោយខុសច្បាប់។ លោកបន្តថា ក្រុមការងាររបស់លោកបានទៅត្រួតពិនិត្យផ្ទះរបស់ប្រជាពលរដ្ឋទាំង ៣១គ្រួសារនោះ បានរកឃើញពលរដ្ឋ ១៥គ្រួសារសុទ្ធសឹងតែមានឈើ ដែលត្រូវបានកាប់បំផ្លាញពីឧទ្យាន។
លោកបន្ថែមថា ដើមឈើប្រភេទខុសគ្នាៗរាប់រយដើមដែលបានកាប់បំផ្លាញនោះ គឺត្រូវបានរកឃើញក្នុងផ្ទះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាន។
តែបើតាមលោកបណ្ឌិត សុខ ទូច ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរបានរៀបចំផ្ដល់ដីជូនពលរដ្ឋទាំង៣១គ្រួសារនេះហើយ។ ដីតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជា៖ សាលារៀន វត្តអារ៉ាម ភូមិ និងអណ្ដូងទឹកជាដើម។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវដល់អាជ្ញាធរដែលមានសមត្ថកិច្ច មេត្តាជួយពន្លឿនការចាត់វិធានការ និងដំណោះស្រាយជូនដល់ប្រជាពលរដ្ឋទាំង ៣១គ្រួសារនេះ ឱ្យបានកាន់តែឆាប់រហ័ស។
សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បាននឹងកំពុងអនុវត្តគម្រោងមួយចំនួនក្នុងនោះរួមមាន៖ គម្រោងចិញ្ចឹមគោទឹកដោះ, គម្រោងបណ្ដុះ និងដាំកូនឈើក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប, គម្រោងចិញ្ចឹមពពែ និងគម្រោងស្រាវជ្រាវ គាំពារ និងអភិរក្សធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីស្តារគម្របព្រៃឈើរួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
ទៅថ្ងៃអនាគត រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា។ កន្លែងទេសចរណ៍ទាំងនោះមានចចំនួន៤ រួមមានទី១៖ ជាទីកន្លែងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ, ទី២៖ ជាទីកន្លែងអភិរក្សព្រៃឈើបរិស្ថានធម្មជាតិ, ទី៣៖ ជាកន្លែងជំរកសត្វគ្រប់ប្រភេទ, ទី៤៖ ជាកន្លែងផលិតផលិតផលមួយនៅកម្ពុជា និង៥៖ ជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាជន ពិសេសគឺប្រជាជនដែលរស់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ៕