(អាមេរិក)៖ ថ្លែងបែបលេបខាយទៅកាន់សហរដ្ឋអាមេរិក ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងបំពេញ បេសកកម្មនៅលើទឹកដី សហរដ្ឋអាមេរិក បានលើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាជំពាក់បំណុលគេ ប្រហែល៣០០ដុល្លារប៉ុណ្ណោះក្នុងម្នាក់ ចំណែកសហរដ្ឋអាមេរិកវិញ ជាប់បំណុលគេរហូតដល់ ៥២០០០ដុល្លារក្នុងពលរដ្ឋអាមេរិកម្នាក់ៗ ពិតជាច្រើនណាស់, នេះបើយោងតាមសេចក្តីរាយការណ៍ ពីតំណាងអង្គភាពព័ត៌មាន Fresh News ពីសហរដ្ឋអាមេរិកឲ្យដឹងយ៉ាងដូច្នេះ។
តំណាងអង្គភាពព័ត៌មាន Fresh News ពីសហរដ្ឋអាមេរិកបានឲ្យដឹងទៀតថា ក្រៅពីនោះសម្តេចតេជោ បានបន្តលើកឡើងរិះគន់សហរដ្ឋអាមេរិក អំពីសេវាកម្មយន្តហោះផ្សេងៗ និងការប្រើប្រាស់ទូរស័ព្ទ នៅសហរដ្ឋអាមេរិកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមកចូលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅលើទឹកដីសហរដ្ឋអាមេរិកនេះ ក្នុងនាមជាប្រមុខរដ្ឋាភិបាល នៃរដ្ឋអធិបតេយ្យមួយ ដែលស្មើមុខ ស្មើមាត់ជាមួយប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា, មិនមែនជាកូនជឹងរបស់អាមេរិកទេ។
ការថ្លែង និងលើកឡើងរបស់សម្តេចយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលជួបសំណេះសំណាល ជាមួយបងប្អូនពលរដ្ឋខ្មែររស់នៅអាមេរិកជាង ៥០០នាក់ នៅសណ្ឋាគារ Hyatt Regency Indian Wells ក្នុងទីក្រុង Rancho Mirage រដ្ឋ California, ហើយនៅពេលនេះកិច្ចជួបសំណេះសំណាល បានបញ្ចប់ហើយ (នៅម៉ោង៦៖២០នាទីល្ងាច ម៉ោងនៅសហរដ្ឋអាមេរិក) ៕