(ភ្នំពេញ)៖ មិនថាពេលយប់ ពេលថ្ងៃ អនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការគិតគូរ ដោយយកចិត្តទុកដាក់ដោយផ្ទាល់ ពីសំណាក់លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ក្នុងការបង្ការទប់ស្កាត់ នៃការឆ្លងរាលដាល នៃមេរោគកូវីដ១៩។
ក្នុងនោះ ដោយមិនគិតពីការនឿយហត់ ពោលគឺសប្បាយ និងការងារបម្រើប្រជាជនរបស់ខ្លួន នៅក្នុងមូលដ្ឋាន ដោយនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្រ្តីក្រោមឱវាទ បន្តចលនាយុទ្ធនាការចុះចែកម៉ាស ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករ ទាំងក្នុងផ្សារ ជុំវិញបរិវេណផ្សារបឹងកេងកង។
ថ្លែងក្នុងការចុះជួបផ្ទាល់ចែកម៉ាសជូនអាជីវករផ្សារបឹងកេងកងនេះដែរ លោក ធឹម សំអាន បាននាំមកដំណឹងរីករាយថា នេះពិតជាមហាសំណាងបំផុត របស់ប្រទេសកម្ពុជា ដែលមានមេដឹកនាំប្រទេសដ៏វៀងវៃ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងនៅជាប់ជាមួយប្រជាពលរដ្ឋមិនថាប្រទេសជាតិ ស្ថិតក្នុងកាលៈទេសៈបែបណានោះឡើយ។
លោកអភិបាលខណ្ឌ បានលើកឡើងថា ស្របពេលដែលកម្ពុជា កំពុងប្រឈម នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាលតែបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជន ដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន១លានដូស។
បើទោះជាមានការបញ្ជាទិញវ៉ាក់សាំងពីសំណាក់រាជរដ្ឋាភិបាលយ៉ាងនេះក្តី លោក ធឹម សំអាន បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះថាជំងឺដ៏កាចសាហាវនេះ បាននិងកំពុងរាតត្បាតយ៉ាងសកម្មនៅក្នុងសហគមន៍របស់យើង ជាពិសេសក្នុងរាជធានីភ្នំពេញនៅឡើយ ទាមទារឲ្យយើងគ្រប់គ្នាការពារខ្លួនជាប់ជានិច្ច តាមរយៈអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស់ លាងដៃនិងសាប៊ូ អាល់កុល ឬជេល និងរក្សាគម្លាតសង្គមផងដែរ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបម្រុងទិញក្នុងជំហានដំបូង នូវថ្នាំ វ៉ាក់សាំងកូវីដ១៩ ចំនួនមួយលានដូស ដែលអាចចាក់ការពារលើមនុស្សបានចំនួន៥០ម៉ឺននាក់ និងបន្តការរក មធ្យោបាយទិញបន្ថែម និងការអំពាវនាវផ្តល់ជំនួយពីប្រទេសជាមិត្តដើម្បីធ្វើយ៉ាងណា ឲ្យកម្ពុជាទទួលបានការ ចាក់វ៉ាក់សាំងបង្កាលើពលរដ្ឋខ្មែរយ៉ាងហោចដល់ចំនួន១០លាននាក់ក្នុងចំណោម១៦លាននាក់ទូទាំងប្រទេស។
ជាមួយគ្នានោះដែរ រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមពាក់ម៉ាស បាញ់ទឹកអាល់កុល ឬជែលលាងសម្អាតដៃជាប្រចាំ និងរក្សាគម្លាតពីគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដូចនេះយើងត្រូវចូលរួមប្រយុទ្ឋប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
នាឱកាសនោះដែរ លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកឹងកង ក្នុងនាមអាជីវករ ក៏ដូចអតិថិជន ចេញចូលផ្សារបឹងកេងកង សូមថ្លែងអំណរអភិបាលរាជធានី ភ្នំពេញ ក៏ដូចលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដែលលោកបានយកចិត្តទុកដាក់ គិតគូរដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ អាជីវករផ្សារ ក្នុងការចុះផ្ទាល់ យកម៉ាសសម្តេចតេជោ ចែកជូនដល់បងប្អូនអាជីវករ ក៏ដូចប្រជាពលរដ្ឋ នៅផ្សារបឹងកេងកង ដើម្បីបង្កាត់ទប់ស្កាត់ការរីករាលដាល នូវជំងឺកូវីដ១៩ ដែលកំពុងបានឆ្លងចូលសហគមន៍យើងនាពេលនេះ៕