(ស្ទឹងត្រែង)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងគ្រួសារកងកម្លាំងវរៈការពារព្រំដែនទិសខេត្តស្ទឹងត្រែង ដើម្បីបង្ហាញអំពីការសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ ព្រមទាំងសូមគោរពជូនពរនាយទាហាន នាយទាហានរង និងពលទាហាន មានសុខភាពល្អគ្រប់ក្រុមគ្រួសារ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោក វ៉ី សំណាង បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរជានិច្ច ដល់សុខទុក្ខរបស់កងកម្លាំងយោធា ដែលកំពុងឈរជើង ការពារព្រំដែន និងសម្តែងការកោតសរសើរដល់ជីវភាពពុះពារការលំបាក ខិតខំបំពេញភារកិច្ចរបស់កងម្លាំង ដោយមានកិច្ចសហការឧបត្ថម្ភគាំទ្រ ពីសំណាក់អាជ្ញាធរដែនដី និងបណ្តាសមត្ថកិច្ចដទៃទៀត តាមបណ្តោយព្រំដែន ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយ ប្រទេសជិតខាង ជាមិត្តភូមិផងរបងជាមួយ បានល្អប្រសើរគួរឱ្យកត់សម្គាល់។ ស្នាដៃនេះ គឺជាចំណែក នៃសមិទ្ធផលដ៏ធំធេង សម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើនជឿនលឿនជាលំដាប់។
លោកក៏បានអំពាវនាវដល់បងប្អូនកងទ័ព និងនគរបាល សូមប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ និងបន្តរឹងប៉ឹងថែមទៀតក្នុងការការពារបូរណភាពទឹកដី ដោយសមរភូមិក្រោយនៅតែបន្តគាំទ្រកងទ័ព និងនគរបាលការពារព្រំដែន ដែលមានវីរភាពអង់អាចក្លាហានការពារទឹកដីបានគង់វង្ស។
បានបន្តថា ក្នុងពិធីសំណេះសំណាលនេះ បងប្អូនកងទ័ព និងកងកម្លាំងនគរបាលវរការពារព្រំដែន មានការរីករាយសប្បាយចិត្ត ដែលសមរភូមិក្រោយមិនភ្លេចពួកគាត់ ដែលកំពុងឈរជើងការពារព្រំដែននៅសមរភូមិមុខ។
អំណោយដែលនាំយកទៅប្រគល់នាពេលនោះរួមមាន៖ អង្ករ ២០តោន, មី ៤៨០កេស, ត្រីខ៣២កេស, ទឹកត្រី១២៥ យូរ, ទឹកស៊ីអ៊ីវ ១២៥យួរ, ភួយ ១,៧២៤, អាវរងារ ១,៧២៤៕