(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានដឹកនាំក្រុមការងារ NACC Team Against Covid-19 ចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងជំងឺកូវីដ-១៩ នៅផ្សារអូឡាំពិក ស្ថិតនៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
លោក ឡាយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារ និងអាជីវករ បានថ្លែងអំណរគុណដល់ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលបានដឹកនាំក្រុមបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ចុះមកបាញ់ថ្នាំនៅផ្សារអូឡាំពិក ដើម្បីការពារសុខមាលភាពរបស់អាជីវករ និងអតិថិជនស្របពេលដែលប្រជាពលរដ្ឋ មានការព្រួយបារម្ភ នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ គណៈកម្មការគ្រប់គ្រងផ្សារ ក៏សំណូមពរដល់អាជីវករ និងអតិថិជនដែលចេញចូលផ្សារ កុំមានការធ្វេសប្រហែសឲ្យសោះត្រូវតែលាងសម្អាតដៃ និងអាល់កុល ឬជែល ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ប្រសិនបើមានអតិថិជនច្រើន ត្រូវគម្លាតពីគ្នាយ៉ាងតិច១.៥០ម៉ែត្រ។
លោក សោម អូន បានឲ្យដឹងថា ក្រុមស្ម័គ្រចិត្តរបស់លោក នៅតែបន្តធ្វើយុទ្ធនាការគ្រប់ទីកន្លែង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងរាលដាលជំងឺកូវីដ-១៩។
លោក សោម អូន បានបន្តថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺជារលកថ្មីមួយទៀតដែលជំងឺកូវីដ-១៩ បានវាយលុកចូលក្នុងសហគមន៍ ដែលតម្រូវឲ្យប្រជាជនកម្ពុជាទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងទាំងអស់គ្នា ដោយគ្រាន់តែអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងវិធានការណ៍របស់ក្រសួងសុខាភិបាល។ ការចូលរួមរបស់ប្រជាជនកម្ពុជា ដើម្បីអនុវត្តនូវវិធានការខាងលើនេះ គឺមានសារសំខាន់ណាស់ ដើម្បីទប់ស្កាត់មិនឲ្យជំងឺកាចសហាវនេះ រីករាលដាលក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា ផ្សារអូឡាំពិក មានចំនួន៤ជាន់ សរុបទាំងជាន់ក្រោម ដែលមានផ្ទៃក្រឡាសរុបប្រមាណ៥០,០០០មែត្រការ៉េ មានចំនួនតូប៥,៦៨៩តូប និងមានអាជីវករប្រមាណ១២,០០០នាក់៕