(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ អញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីប្រារព្ធខួបលើកទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។
ក្រសួងការបរទេសបានឱ្យដឹងថា ការអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីបញ្ហាអាកាសធាតុរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកនេះ ធ្វើឡើងតាមការអញ្ជើញរួមរបស់ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស, លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង, លោក សេបាស្ទៀន ភីណេរ៉ា អ៊ីឆែនិក ប្រធានាធិបតីស៊ីលី និងលោក ហ្សូហ្សេប៉េ កុងតេ នាយករដ្ឋមន្រ្តីអ៊ីតាលី។
បើតាមសេចក្តីប្រកាសក្រសួងការបរទេស កិច្ចប្រជុំកំពូលនេះ នឹងផ្តល់ជាវេទិកាមួយសម្រាប់ភាគីនានានៃអនុសញ្ញាក្របខណ្ឌអង្គការ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តថ្មីប្រកបដោយមហិច្ឆតា ដែលទាក់ទងនឹង៖ ទី១៖ ការប្តេជ្ញាចិត្តថ្មី និងបន្ថែមទៀតនៃការចូលរួមរបស់ប្រទេសនីមួយៗ, ទី២៖ យុទ្ធសាស្រ្តរយៈពេលវែងក្នុងការដាក់ចេញទិសដៅទៅរកការបំភាយឧស្ម័នរហូតដល់កម្រិត សូន្យ, ទី៣៖ ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធនឹងអាកាសធាតុ និងទី៤៖ ផែនការបញ្ចូលការប្តេជ្ញាចិត្តទៅក្នុងការដាក់ចេញគោលនយោបាយនានា។
ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះមួយផងដែរ ពាក់ព័ន្ធបញ្ហាអាកាស។ បើតាមរបៀបវារៈដែលបានរៀបចំ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាចន្លោះម៉ោង ១១៖៣០នាទី ទៅម៉ោង ១២យប់ថ្ងៃទី១២ ខែធ្នូ នេះ (ម៉ោងនៅកម្ពុជា)។
ក្នុងសុន្ទរកថាគន្លឹះនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងគូសបញ្ជាក់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុទៅលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ពិភពលោក ដែលទាមទារការដោះស្រាយតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។
សម្តេចតេជោ នឹងលើកឡើងផងដែរអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយមានវិធានការ និងយុទ្ធសាស្រ្តច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព បើទោះបីជាកម្ពុជាមានចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលក្តី៕