(ភ្នំពេញ)៖ បើគ្មានអ្វីប្រែប្រួលទេនោះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា នឹងប្រកាសសាលក្រមលើសំណុំរឿងហិង្សា លោក សុខ ប៊ុន ដែលធ្លាប់មានងារជាឧកញ៉ា និង ជាអតីតប្រធានក្រុមអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា វាយដំលើកញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនីទូរទស្សន៍ស៊ីធីអិន នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លោក សុខ ប៊ុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ។ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ លោក សុខ ប៊ុន នឹងត្រូវផ្តន្ទាទោសពី ២ឆ្នាំ ទៅ ៥ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀលថែមទៀតផង។
សំណុំរឿងហិង្សាមួយនេះ កញ្ញា សាសា ជាដើមបណ្តឹងធ្លាប់បានអះអាងដាច់អហង្ការថា ខ្លួននឹងមិនទាមទារសំណងអ្វីទាំងអស់ពី លោក សុខ ប៊ុន គឺសូមត្រឹមឲ្យតុលាការផ្តន្ទាទៅតាមច្បាប់ប៉ុណ្ណោះ។ តែបើតាមសវនាការកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ កញ្ញា សាសា បានប្តូរជំហរដ៏ម៉ឹងម៉ាត់របស់ខ្លួនវិញហើយ ដោយបានប្តឹងទាមទារសំណងជំងឺចិត្តប្រមាណ ២លានដុល្លារអាមេរិក ពីលោក សុខ ប៊ុន។
មិនត្រឹមតែផ្លាស់ប្តូរជំហរពីចង់ឲ្យតុលាការផន្តាទោសលោក សុខ ប៊ុន មកប្តឹងទារសំណងជំងឺចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ កញ្ញា សាសា ក៏បានយល់ព្រមដកពាក្យបណ្តឹងលើលោក សុខ ប៊ុន ផងដែរ បន្ទាប់ពីមានការសម្របសម្រួល និងថ្នូរជាមួយប្រាក់យ៉ាងក្រាស់ក្រែលនោះ។
មេធាវីរបស់កញ្ញា សាសា គឺលោក ពុធ ធាវី ធ្លាប់បានបញ្ជាក់ថា កូនក្តីរបស់លោក បានព្រមដកពាក្យបណ្តឹងពីលោក សុខ ប៊ុន ហើយ កាលពីតាំងពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ ក្រោមការសម្របសម្រួលរវាងលោក សុខ ប៊ុន និងឪពុកកញ្ញា សាសា ជាថ្នូរនឹងប្រាក់សំណងជំងឺចិត្តមួយចំនួន។ លោក ពុធ ធាវី មិនបានបង្ហើបពីទំហំទឹកប្រាក់នោះឡើយ។
ប្រភពនៅសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថា ការដកពាក្យបណ្តឹងនេះ ជាថ្នូរនឹងប្រាក់ខ្ទង់លានដុល្លារ តែអ្នកខ្លះទៀតថា ត្រឹមតែ ១០ម៉ឺនដុល្លារប៉ុណ្ណោះ។
សូមរំលឹកថា កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ដោយសារតែភាពជោកជាំនៃគ្រឿងស្រវឹងលោក សុខ ប៊ុន និងកញ្ញា សាសា បានផ្ទុះជម្លោះពាក្យសម្តី រហូតឈានដល់ការប្រើហិង្សាវាយទាត់ធាក់យ៉ាងធ្ងន់ធ្ងរ។
បន្ទាប់ពីការព្យាយាមរត់គេចខ្លួនអស់ជាច្រើនថ្ងៃ លោក ស៊ុន ប៊ុន ក៏បានចូលខ្លួនទទួលទោសតាមការអំពាវនាវរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ លោក សុខ ប៊ុន ត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ដោយចោទពីបទ «ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់»។ តែលោក សុខ ប៊ុន ត្រូវបានធានាឲ្យក្រៅឃុំ ក្រោមហេតុផលមានជំងឺជាប់ខ្លួន។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នកញ្ញា សាសា តារា ដែលធ្លាប់ល្បាញល្បីថា ស៊ិចស៊ី និង មានអត្តចរិតឆ្នាស់ឆ្នើមនោះ បាននិងកំពុងបើកហាងរកស៊ីមួយដ៏ធំនៅលើទឹកដីក្រុងអង្គរ នាខេត្តសៀមរាប៕