(ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ បានចុះទៅពិនិត្យសំណង់អគារសិក្សា ២ខ្នង មាន១១បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ជូនសាលាបឋមសិក្សាវត្តនាគរង្សី និងវត្តពងពស់ ស្ថិតក្នុងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។
ការចុះទៅពិនិត្យសំណង់អគារសិក្សានេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមដំណើរពីសំណាក់ លោកស្រី គង់ សាឡន អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង លោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្ត ដែលជាអនុប្រធានក្រុមការងារស្រុក លោកប្រធានក្រុមប្រឹក្សា លោកអភិបាល និងមន្ត្រីរាជការស្រុក ព្រមទាំងប្រធានការិយាល័យអប់រំស្រុក នាយកសាលា លោកគ្រូ អ្នកគ្រូជាច្រើនរូបទៀត។
អគារសិក្សា ១ខ្នង ៦បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាវត្តនាគរង្សី សាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែមិនទាន់បានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាស្រ័យដោយស្ថានភាពកូវីដ១៩។
អគារសិក្សាមួយខ្នងទៀតដែលមាន ៥បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាវត្តពងពស់ កំពុងដំណើរការសាងសង់ ដែលនឹងត្រូវបញ្ចប់នៅដើមឆ្នាំ២០២១ ខាងមុខនេះ។
អគារសិក្សាទាំង២ខ្នងនេះ គ្រោងចំណាយការសាងសង់សរុបអស់ប្រមាណ ១៥០,០០០ ដុល្លារអាមេរិក៕