(ហូហីន-ថៃ)៖ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដឹកនាំដោយ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទៅចូលរួមប្រជុំទ្វេភាគី ជាមួយរដ្ឋបាលគយថៃ នៅទីក្រុងហួហីន ប្រទេសថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅ មកក្នុងកិច្ចការគយ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈនេះ។
កិច្ចប្រជុំនេះ រៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយបានពិនិត្យ និងពិភាក្សាចំណុចពាក់ព័ន្ធនឹងការងារគយ ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី២ ក្រោមប្រធានបទ «ភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព» ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៥។
អង្គប្រជុំបានឯកភាព លើចំណុចសំខាន់ៗ នៃកិច្ចសហប្រតិបត្តការរវាងរដ្ឋបាលគយ នៃប្រទេសទាំង២ដូចខាងក្រោម៖
- បង្កើតចំណុចទំនាក់ទំនងសម្រាប់ផ្លាស់ប្ដូរព៌តមានរវាងរដ្ឋបាលគយទាំងពីរ
- ចាត់តាំងមន្ត្រីគយឲ្យចូលរួម ក្នុងក្រុមការងារជាតិឬក្រុមការងារចម្រុះ ក្នុងការរៀបចំអនុវត្តច្រកអន្តរជាតិថ្មី ស្ទឹងបត់-ណងអៀន ជាពិសេសការបង្កើតនិងអនុវត្ត “ការត្រួតពិនិត្យបញ្ជរតែមួយ” និង “ទីលានត្រួតពិនិត្យរួម” (Single Stop Inspection and Common Control Area) ស្របតាមកិច្ចព្រមព្រៀងមហាអនុតំបន់មេគង្គ
- ត្រៀមធនធានមនុស្សនិងនីតិវិធីគ្រប់គ្រងទំនិញ និងអ្នកដំណើរឆ្លងកាត់ព្រំដែនដោយរថភ្លើង (ឆ្លើយតបនឹងគម្រោងតភ្ជាប់ផ្លូវដែក ភ្នំពេញ-បាងកក នៅចុងឆ្នាំ២០១៦នេះ) ។ ភាគីគយថៃបានឯកភាពចែករំលែក បទពិសោធការគ្រប់គ្រងទំនិញ និងអ្នកដំណើរឆ្លងកាត់ព្រំដែនរវាងថៃនិងម៉ាឡេស៊ី
- ជំរុញកិច្ចសហការលើការងារបង្កើតនិងពង្រីក «កម្មវិធីលើកទឹកចិត្តពាណិជ្ជករល្អបំផុត» និង «ប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត» (Best Traders Incentives Program and Authorized Economic Operators) ក្នុងការផ្ដល់ប្រព្រឹត្តកម្មពិសេសសម្រួល ដល់ការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម
- ពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់ និងបង្រ្កាបអំពើរត់ពន្ធ ជាពិសេសការគ្រប់គ្រងទំនិញឆ្លងកាត់ (ទំនិញនាំចូលមកកម្ពុជា ដោយប្រើប្រាស់របបគយឆ្លងកាត់ប្រទេសថៃ)
- ចំពោះវិស័យកសិកម្ម ភាគីទាំងពីរបានយល់ព្រមឱ្យមាន កិច្ចប្រជុំពិភាក្សាបន្ថែមទៀតរវាងរដ្ឋបាលគយ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត នៃប្រទេសទាំងពីរ ។ ទន្ទឹមនេះ ភាគីថៃក៏បានឯកភាពលើសំណើរបស់ភាគីកម្ពុជា ក្នុងការសម្រួលការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ប្រទេសទីបីដែលឆ្លងកាត់ទឹកដីថៃ
- បានឯកភាពកំណត់កិច្ចប្រជុំឲ្យបានទៀងទាត់ ទាំងកម្រឹតអគ្គនាយកដ្ឋាន ក៏ដូចជាកម្រឹតអង្គភាពគយខេត្ត/តំបន់ នៅតាមព្រំដែននៃប្រទេសទាំងពីរ ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព ភាគីទាំងពីរបានឯកភាពរៀបចំសេចក្ដីព្រាង «អនុស្សារណៈស្ដីពីកិច្ចសហប្រតិបត្តការទ្វេភាគី និងជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ» ហើយគ្រោងនឹងចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងភ្នំពេញ ។
គួរបញ្ជាក់ថាយោងតាមលំដាប់អក្ខរក្រម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំអគ្គនាយកគយអាស៊ាននៅឆ្នាំ២០១៦នេះ៕