(ភ្នំពេញ)៖ រដ្ឋបាលឃុំ សមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើចលនាកៀរគរថវិកាបានចំនួន ១១,៧៧០,០០០រៀល និងថវិកា១៥០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ពាក់ព័ន្ធនឹងយុទ្ធនាការរ៉ៃអង្គាសថវិកា ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីវ៉ាក់សាំងកូវីដ-១៩នេះដែរ លោក ម៉ៅ ចូច ជាទំទប់ទី១ ឃុំវិហារសួគ៌ បានលើកឡើងថា ក្នុងគ្រាដែលប្រទេសកម្ពុជា ជួបវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ក្នុងនាមរដ្ឋបាលឃុំ អាជ្ញាធរ សមត្ថកិច្ច មេភូមិទាំង៨ភូមិ និងប្រជាពលរដ្ឋទូទាំងឃុំ ត្រូវតែចូលរួមចំណែកទាំងអស់គ្នា ទោះតិចក្តី ច្រើនក្តី ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ទន្ទឹមនឹងនេះដែរលោក ម៉ៅ ចូច ក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ និងសប្បុរសជន មេត្តាចូលរួមចំណែកបរិច្ចាគថវិកាឱ្យបានផុសផុល ដែលនេះជាចលនាគាំទ្រដល់ រាជរដ្ឋាភិបាល និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន អំពីខឿនការពារសុខភាពរបស់ប្រជាជន នៅក្នុងបេសកកម្ម មនុស្សធម៌ ដ៏ឧត្តុង្គឧត្តមនេះ ទៅតាមលទ្ធភាពរៀងៗខ្លួន ក្នុងការចូលរួមថែរក្សា និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោក ហុង បញ្ញា ជាយុវជនឃុំវិហារសួគ៌ និងប្រជាពលរដ្ឋមួយរូបក្នុងមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋផ្សេងៗទៀត ដែលរស់ក្នុងភូមិទាំង៨ ក្នុងឃុំវិហារសួគ៌ បានសម្តែងនូវការសប្បាយរីករាយ និងពេញចិត្តជាខ្លាំងចំពោះចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការត្រៀមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោកបានបន្តថា ក្នុងនាមជាប្រជាជនមួយរូប លោកបានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមលទ្ធភាពប្រគល់ជូនរដ្ឋបាលឃុំវិហារសួគ៌ ដោយក្តីរីករាយ ដើម្បីជួយចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការត្រៀមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជនកម្ពុជា ព្រមទាំងសូមអំពាវនាវដល់ប្រជាជនផ្សេងៗទៀត ចូលរួមបរិច្ចាគធនធានរបស់ខ្លួនទៅតាមលទ្ធភាព ដើម្បីជាចំណែកកាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាល ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីជូនចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕