(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានឆ្លើយតប៤ចំណុច ទៅនឹងការរិះគន់របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) អំពីវិធានការបង្ហាញអត្តសញ្ញាណអ្នកធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» កន្លងទៅ។
លោក ជិន ម៉ាលីន បានចាត់ទុកវិធានការបង្ហាញអត្តសញ្ញាណអ្នកធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» មិនមែនជាការរំលោភលើសិទ្ធិបុគ្គល និងឯកជនភាពនៃអ្នកវិជ្ជមានកូវីដ-១៩ នោះទេ តែផ្ទុយទៅវិញ វាជាវិធានការចាំបាច់ក្នុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដទៃទៀតដោយផ្ទាល់ និងប្រយោលដើម្បីទប់ស្កាត់ការរីករាលដាលការឆ្លងកាន់ច្រើនចូលក្នុងសហគមន៍។
ការបញ្ជាក់បែបនេះ របស់លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពី លោកស្រី រ៉ូណា ស្មីត អ្នករាយការពិសេសអង្គការសហប្រជាតិ និងសកម្មជនសិទ្ធិមនុស្សដទៃទៀត អំពីវិធានការបង្ហាញអត្តសញ្ញាណអ្នកធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ឆ្លើយតបនឹងការរិះគន់នេះ លោក ជិន ម៉ាលីន បានលើកឡើងចំនួន ៤ចំណុចដូចតទៅ៖
* ទី១៖ វិធានការនេះ មិនមែនជាការរំលោភលើសិទ្ធិបុគ្គល និងឯកជនភាពនៃអ្នកវិជ្ជមានកូវីដ-១៩ នោះទេ តែផ្ទុយទៅវិញ វាជាវិធានការចាំបាច់ក្នុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដទៃទៀតដោយផ្ទាល់ និងប្រយោលដើម្បីទប់ស្កាត់ការរីករាលដាលការឆ្លងកាន់ច្រើនចូលក្នុងសហគមន៍។ វិធានការនេះ ក៏ត្រូវបានអនុញ្ញាតផងដែរតាមគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាប្រកាន់យក គោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបសមូហភាពនិយម ដោយតម្កល់ផលប្រយោជន៍រួមរបស់សហគមន៍ជាធំ ហើយជាពិសេស ក្នុងកាលៈទេសៈគ្រោះថ្នាក់បែបនេះ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ និងសង្រ្គោះរបស់ពលរដ្ឋនិងសហគមន៍ មានតម្លៃ និងអទិភាពជាងសិទ្ធិណាៗទាំងអស់។
*ទី២៖ ការបង្ហាញអត្តសញ្ញាណនេះ មិនមែនការធ្វើទុក្ខបុកម្និញ និងរើសអើងចំពោះអ្នកដែលវិជ្ជមានកូវីដ-១៩ នោះទេ ព្រោះថា វិធានការនេះ មានការចូលរួមដោយស្ម័គ្រចិត្តពីពួកគាត់ ហើយថ្នាក់ដឹកនាំកំពូលក៏បានថ្លែងសារជាសាធារណៈផងដែរ កុំឱ្យមានការរើសអើងចំពោះពួកគាត់។
*ទី៣៖ វិធានការនេះ មិនបានរារាំងដល់ការធ្វើតេស្តដោយស្ម័គ្រចិត្តរបស់អ្នកពាក់ព័ន្ធដទៃទៀត ដូចការចោទប្រកាន់នោះទេ តែផ្ទុយទៅវិញ វិធានការនេះមានការចូលរួម និងគាំទ្រពីជនរួមជាតិទូទាំងប្រទេស ដែលធ្វើឱ្យចំនួនអ្នកមកធ្វើតេស្តដោយស្ម័គ្រចិត្ត ទាំងអ្នកដែលបានពាក់ព័ន្ធដោយផ្ទាល់ក្តី និងប្រយោលក្តី មានការកើនឡើងជាលំដាប់។
និងទី៤៖ ចំពោះការរិះគន់អំពីស្ថានភាពពន្ធនាគារ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» វិញ រដ្ឋាភិបាលបានដាក់ចេញវិធានការយ៉ាងម៉ត់ចត់ និងម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ការឆ្លងចូលក្នុងពន្ធនាគារ រួមមានការធ្វើតេស្តអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ទាំងមន្រ្តីពន្ធនាគារ និងអ្នកជាប់ឃុំ វិធានការចត្តាឡីស័ក និងវិធានការសុខភាពអនាម័យដ៏ទៃទៀតជាដើម។ល។ ហើយមកដល់ពេលនេះ មិនមានសញ្ញាណ ឬការបង្ហាញណាមួយថា មានអ្នកជាប់ឃុំវិជ្ជមានកូវីដ-១៩ នៅឡើយទេ៕