(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញមកអះអាងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកកំពុងជាប់ពន្ធនគារ ដូចទៅនឹងប្រជាពលរដ្ឋទូទៅផងដែរ ដើម្បីបញ្ចៀស និងបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយមិនបានទុកអ្នកឃុំចោលនោះឡើយ។
ការអះអាងរបស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីអង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិ មនុស្ស និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ បានចេញសេចក្តីថ្លែងការណ៍រួមមួយបង្ហាញនូវក្តីព្រួយបារម្ភ របស់ពួកគេចំពោះហានិភ័យ និងភាពប្រឈមរបស់អ្នកជាប់ពន្ធនាគារ ចំពោះមុខនៃការរីករាលដាលជំងឺកូវីដ១៩។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានទទូចឱ្យរាជរដ្ឋាភិបាល ចាត់វិធានការចាំបាច់មួយចំនួន ដើម្បីការពារសិទ្ធិទទួលបានសេវាសុខភាពរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ និងចង់ឱ្យមានការដោះលែងអ្នកទោសមួយចំនួនផងដែរ។
តបនឹងការលើកឡើងនេះ ក្រសួងសុខាភិបាល បានអះអាងថា ការត្រួតពិនិត្យ និងតាមដានសុខភាពអ្នកជាប់ឃុំឃាំង នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគោរពសិទ្ធិមនុស្ស និងការយកចិត្តទុកដាក់លើការផ្តល់សេវាសុខភាពជូនប្រជាជនទូទៅ ដោយមិនរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬអ្នកជាប់ពន្ធនាគារនោះឡើយ ដើម្បីទទួលសេវាសុខភាពស្មើៗគ្នា ក្នុងចំណោមអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារក្នុងបរិបទនៃការរីករាលជំងឺកូវីដ១៩។ ជាពិសេសនៅក្រោយ «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ទៅដល់ក្នុងពន្ធនាគារ ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដើម្បីតាមដានមើលជាប្រចាំនូវស្ថានភាពជំងឺផ្តាសាយធំ និងជំងឺកូវីដ-១៩ ដោយអគ្គនាយកដ្ឋាន ពន្ធនាគារបានយកចិត្តទុកដាក់បន្ថែម ក្នុងការតាមដានសុខភាពអ្នកជាប់ឃុំឃាំង និងរាយការណ៍មកក្រសួងសុខាភិបាល ក្នុងករណីមានការសង្ស័យលើបញ្ហាសុខភាពអ្វីមួយ ដែលកន្លងមកនេះ ក្រសួងបានធ្វើអន្តរាគមន៍ជួយពិនិត្យ និងព្យាបាល ដល់អ្នកជាប់ឃុំឃាំង ដែលមានជំងឺផ្តាសាយធំនៅតាមបណ្ដាខេត្តមួយចំនួនរួចមកហើយ រហូតពួកគេបានជាសះស្បើយ។
ក្រសួងសុខាភិបាលបន្ថែមថា ចាប់តាំងពីពេលមានការផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានតាមដានស្រាវជ្រាវរកករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍នេះ ហើយមានបុគ្គលណាខ្លះ ដែលបានមកពាក់ព័ន្ធនឹងពន្ធនាគារ ព្រមទាំងបានតាមដានសុខភាពអ្នកជាប់ឃុំ ឃាំងកាន់តែហ្មត់ចត់ថែមទៀត។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារបង្ហាញថា មិនមានអ្នកប៉ះពាល់នឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ណាម្នាក់ មានការប្រាស្រ័យទាក់ទងជាមួយអ្នកជាប់ឃុំឃាំងឡើយ ហើយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មណ្ឌលអប់រំកែប្រែទី១ មិនមានតួជំងឺផ្តាសាយធំ ដែលមានការសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹង ការចម្លងវីរុសកូវីដ-១៩ ទាំងក្នុងចំណោមមន្ត្រីចំនួន ៣៥៤ នាក់) និងអ្នកជាប់ឃុំឃាំង (ចំនួន ៧,៦០៨នាក់) ឡើយ។
លើសពីនេះទៀត បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈបណ្ដាញសារព័ត៌មាន អំពីការផ្ទុះឡើងជំងឺផ្តាសសាយធំនៅមណ្ឌលអប់រំកែប្រែទី១ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០មក ក្រសួងសុខាភិបាល បានចាត់មន្ត្រីក្រមឆ្លើយតបបន្ទាន់ចុះជាបន្ទាន់ទៅកាន់មណ្ឌលអប់រំកែប្រែទី១ នៅយប់ថ្ងៃទី០៩ និងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដើម្បីពិនិត្យមើលស្ថានភាពសុខភាពអ្នកជាប់ឃុំ ឃាំងដោយផ្ទាល់ ហើយរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី១ ជាផ្លូវការបានបង្ហាញថា មិនមានករណីជំងឺផ្តាសាយធំក្នុងចំណោមអ្នកជាប់ឃុំឃាំងនៅទីនោះឡើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា ក្រសួងនៅតែបន្តកិច្ចសហការជាមួយអគ្គនាយកដ្ឋាន ពន្ធនាគារនៃក្រសួងមហាផ្ទៃ និងអាជ្ញាធរថ្នាក់ក្រោមជាតិនៅតាមបណ្ដារាជធានី-ខេត្តទាំងអស់ ដើម្បី តាមដានមើលជាប្រចាំនូវស្ថានភាពជំងឺផ្តាសាយធំ ដែលអាចសង្ស័យថាជាជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា និងជំរុញឱ្យអគ្គនាយកដ្ឋានពន្ធនាគារនៃ ក្រសួងមហាផ្ទៃ បន្តយកចិត្តទុកដាក់អនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការ ចម្លងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកជាប់ឃុំឃាំងផងដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក្នុងស្មារតីរក្សាសមភាព និងសាមគ្គីភាពគ្នា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕